ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ពាន
កិរិយាសព្ទ
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ
ពានរបង, ពានវាំង ។
ឡើងពាក់ទ្រោបពីលើ
គោពានគ្នា ( ព. ព. ) ។
ពានត្រោកពានត្រាំង ឬ ពានត្រោកពានព្រៃ (ព. ប្រ. )បំពាក់បំពានទាំងស្រុកទាំងកំរោលឥតគិតពីខុសពីត្រូវ ( ហាក់ដូចជាដើរពានលើត្រោកឬព្រៃ ) ពានលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ពានស្កុន ពានលើដំណើរស្កុនការ; មានពាក្យកាព្យបុរាណថា កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
នាមសព្ទ
ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម
ពានស្លា, ពានបារី; ហៅថា ជើងពាន ក៏បាន ។
ពានព្រះស្រី ( រ. ស. ) ពានដាក់ស្លាបារីថ្វាយព្រះរាជា ។ ខ្សែពាន ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឲ្យវិល ។
រ៉
កិរិយាសព្ទ
អាររេះសាច់ឈើផ្គុំភ្ជិតមុខ
រ៉ក្ដារ, អាររ៉បន្តិចទៀតទើបផ្គុំមុខទៅជិតល្អ ។
នាមសព្ទ
ឈ្មោះរណារតូច ធ្មេញល្អិតញឹក សម្រាប់អាររេះសាច់ឈើផ្គុំភ្ជិតមុខ
រណាររ៉ ។
កិរិយាសព្ទ
( ស. រ្ច អ. ថ. រ៉ ) រង់, រង់ចាំ, បង្អង់ចាំ
រ៉បន្តិចសិន ( មិនសូវប្រើ; តែអ្នកបាត់ដំបង, សៀមរាប ច្រើនប្រើខ្លះ ) ។ ម. ព. រ៉ែរ៉ ផង ។
សម្រក
(សំ-រ៉ក)
កិរិយាសព្ទ
ធ្វើឲ្យស្រក
ខ្យល់សម្រកទឹក ។
( ស. សាំរ្ចក អ. ថ. –រ៉ក ) រើឬចង្អោរចេញ ( ម. ប្រ. ) ។
នាមសព្ទ
រដូវទឹកស្រក ( កាលជាខាងចុងនៃរដូវភ្លៀង )
រដូវសម្រក, ខែសម្រក ។
ឈ្មោះឈើតូចមួយប្រភេទ ប្រើជាថ្នាំដុសលាបសាច់ដែលហើមឲ្យស្រក
ដើមសម្រក ។
សិទ្ធិ
(សិត-ធិ ឬ សិត)
នាមសព្ទ
( សំ. បា. ) សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន ( ម. ព. សិទ្ធ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។ សិទ្ធិការក (–រ៉ៈកៈ ឬ –រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ ( បើស្ត្រីជា សិទ្ធិការិកា ) ។ សិទ្ធការ្យ ( –កា ) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្ដើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា
សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីតទៅនេះ…។
សិទ្ធិក្សេត្រ ឬ –ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។ សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។ សិទ្ធិជ័យ ជម្នះដាច់ស្រេច ។ សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។ សិទ្ធិតេជ ឬ –តេជះ តេជះនៃសិទ្ធិ ។ សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ ( បើស្ត្រីជា សិទ្ធិទស្សិនី ) ។ សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។ សិទ្ធិមគ្គ ឬ –មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។ សិទ្ធិមន្ដ ឬ– មន្ដ្រ មន្ដស័ក្ដិសិទ្ធិ ( ប្រើជា សិទ្ធមន្ដ ឬ – មន្ដ្រ ក៏បាន ) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។ សិទ្ធិសួស្ដិ៍ ( –សួស ) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណប្រើពាក្យនេះជាការផ្ដើមនៃមន្ដអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្ដិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិស ទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្ដគាថាចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង…។ សិទ្ធីស្វរៈ ( សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ ( ព្រះឥសូរ ) ។ ល ។
អង្ស
(អង់-សៈ)
នាមសព្ទ
( សំ. បា. អំស ) ស្មា ។ ខ្មែរច្រើនប្រើជា អង្សា; ( រ. ស. ) : ព្រះអង្សា ស្មាក្សត្រិយ៍ ។ អង្សកូដ ចង្កួយស្មា ( រ. ស. ) : ព្រះអង្សកូដ ។ អង្សភណ្ឌ គ្រឿងលី, រែក, ពុន, សែង ( ហៅ អង្សិកភណ្ឌ ក៏បាន ) ។ អង្សភារៈ ទម្ងន់ដែលត្រូវនាំទៅមកដោយស្មា គឺអ្វីៗដែលមានទម្ងន់ត្រូវលី, រែក, ពុន, សែង ។ អង្សហារ ការនាំអ្វីៗទៅមកដោយស្មា ។ អង្សហារក ( —រ៉ក់ ) ឬ —ហារី អ្នកធ្វើការចិញ្ចឹមជីវិតដោយការលីឬរែក, ពុន, សែង ។ ( បើស្ត្រីជា អង្សហារិកា ឬ —ហារិនី ) ។ ល ។