ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាពុំសូវគាប់ប្រសើរទេ ម្ល៉ោះហើយទោះទៅកាន់ទី ណាគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ចំពោះកិច្ចការប្រចាំថ្ងៃក៏មិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ឬធំដុំពេកក្នុងថ្ងៃនេះដែរពីព្រោះថាផលអាក្រក់មានតាមជាប់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំគោពិសេសបុរសឃើញថានាពេលនេះជួបទាំងបញ្ហា និង ឧបសគ្គ។ក្រៅពីនេះបញ្ហាប្រាក់កាស និងរឿងរាវផ្ទាល់ខ្លួនមិនថាសេចក្តីសេ្នហា និងសុខភាពក៏ទទួលរងផលប៉ះពាល់ផងដែរ។សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំខ្លាពិសេសស្ត្រីឃើញថាដំណើរជីវិតមិនទទួលរងផលប៉ះពាល់អ្វីទេក្នុងខែនេះ ប៉ុន្តែសម្រាប់បុរសជួបនូវឧបសគ្គច្រើនរារាំងមុខធ្វើឱ្យពុំសុខស្រួលខ្លួនប៉ុន្មានឡើយ។ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់ ។
អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។ការប្រកបការងារនៅថ្ងៃនេះវិញគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និង ជួបភាពសុខដុមដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ដោះស្រាយជម្លោះវិវាទឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងទទួលបានការឆ្លើយតបគ្រាន់កក់ក្តៅ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឱ្យមានលម្អិតលម្អន់បន្តិចពិសេសពាក់ព័ន្ធទៅនឹងឯកសារ ឬលោកអ្នកបានពឹងពាក់ទៅលើគេរឿងអ្វីមួយ ។រាល់កិច្ចការងារដោយសារ ដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង ត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។
អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និងបញ្ហារបស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។
សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបុរសឱ្យប្រយ័ត្នប្រយែងទាក់ទិនទៅនឹងសុខភាព និងក្រៅពីនេះឱ្យប្រយ័ត្នអ្នកទី៣បង្កើតបញ្ហាអ្វីមួយមកឱ្យផង។ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខពុំខាន។
សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីមួយហើយជួបប្រទះគូប្រជែងខ្លាំងបែបណាក៏ពុំព្រួយបារម្ភដែរពីព្រោះថាលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។សម្រាប់ រាល់កិច្ចការងារវិញលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះមានបញ្ហាអ្វីក៏ដោយត្រូវចេះរំងាប់ចិត្តឱ្យត្រជាក់ ហើយដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ឡើយប្រយ័ត្នរឿងតូចតាចសោះប្រែរីកក្លាយជាធំ។ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកទទួលផលប៉ះទង្គិចបន្តិចបន្តួចយាយីម្ល៉ោះហើយបើចង់ធ្វើអ្វីគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់កើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។ទាំងស្ត្រីបុរសចូរប្រយ័ត្នការប្រែប្រួលទាំងអារម្មណ៍ និងការងារពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។ថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគឺតែងលេចចេញបាតុភាពមិនល្អយាយី ហើយពិសេសធ្វើអ្វីមួយក៏មិនងាយឆាប់ចប់ដូចបំណងនោះថែមទៀត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំក្នុងរយៈពេលនេះចូរប្រយ័ត្នអ្នកទី៣ចូលមកជ្រៀតជ្រែក៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងឆ្លើយតបជាផលសម្រេចគ្រាន់កក់ក្តៅ និងពិសេសក្រុមមនុស្សតែងជួយជ្រោមជ្រែង។ការប្រកបការងារមានការបោះជំហានឈានទៅមុខ និងរាល់កិច្ចការងារសំខាន់ក៏តែងអាចដោះស្រាយចេញវិញយ៉ាងងាយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេនៅឡើយ។
សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះផលអាក្រក់បម្រុងរត់ចូល ត្រឡប់បែរជាហោះរំលង ឬ មិនហ៊ានចូលក្បែរនាំលោកអ្នកជួបការលំបាកបន្តទៀតឡើយ។ការប្រកបការងារឃើញថាពុំមានអ្វីចូលមកយាយីនាំពិបាកត្រូវពុះពារឆ្លងកាត់ ឬត្រូវប្រឈមច្រើនទេ ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕