​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​ស្រីលង្កា​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​កោះ​ម៉ាល់​ឌី​វ​កាលពីដើមថ្ងៃ​ពុធ​ទី​១៣​កក្កដា នៅ​ប៉ុន្មាន​ម៉ោង​មុន​ការលាឈប់​ជា​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ពុធ​​នេះ​ក្រោយ​ការតវ៉ា​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​អស់​រាប់​ខែ​ដោយសារតែ​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​អូ​បន្លាយ​ដ៏អាក្រក់​បំផុត​​។​

​លោក​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា​(Gotabaya Rajapaksa)​បាន​សន្យា​កាលពី​ចុង​សប្តាហ៍​ថា​លោក​នឹង​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​នេះ​ដើម្បី​បើកផ្លូវ​សំរាប់​«​អន្តរកាល​អំណាច​ដោយ​សន្តិ​​វិធី​»​មួយ​ក្រោយ​លោក​បាន​ភៀសខ្លួន​ចេញពី​និវាសដ្ឋាន​(លំនៅដ្ឋានផ្លូវការ)ប្រធានាធិបតី​នៅក្នុង​ទីក្រុង​កូឡុំបូ​នៅពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​អ្នក​ប្រឆាំង​តវ៉ា​រាប់​ម៉ឺន​នាក់​សំរុកចូល​ទីនោះ​។​

​ក្នុងនាម​ជា​ប្រធានាធិបតី លោក​រ៉ា​ចា​ប៉ាក់​សា មាន​អភ័យឯកសិទ្ធិ​រួចផុត​ពី​ការចាប់ខ្លួន ហើយ​គេ​ជឿ​ថា​លោក​មាន​បំណង​ទៅកាន់​បរទេស​មុន​ការលាឈប់​ដើម្បី​គេចផុត​ពី​ការ​ត្រូវ​ចាប់ខ្លួន​។​

​លោក​និង​ភរិយា រួម​ទាំង​អង្គរក្ស​ម្នាក់ បាន​ស្ថិតក្នុង​ចំណោម​អ្នកដំណើរ​នៅ​លើ​យន្តហោះ​យោធា Antonov-32​ដែល​បាន​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ស្រីលង្កា នេះ​បើ​តាម​ប្រភព​អន្តោ​ប្រ​​វេសន៍​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មាន​បារាំង​។​

​លោក​រ៉ា​ចា​ប៉ាក់​សា ត្រូវបាន​ចោទប្រកាន់​ថា បាន​ដឹកនាំ​សេដ្ឋកិច្ច​ខុស នាំអោយ​ប្រទេស​ធ្លាក់​ដល់​ចំណុច​មួយ​ដែល​គ្មាន​រូបិយ​បណ្ណ​បរទេស​សំរាប់​នាំចូល​ទំនិញ​ចាំបាច់​បំផុត​សំរាប់​សេចក្តីត្រូវការ​របស់​ប្រ​​ជា​ជន​២២​លាន​នាក់​របស់​ប្រទេស​

យន្តហោះកងទ័ពអាកាសស្រីលង្កា Antonov 32ប៉ុនប៉ងនាំលោករ៉ាចាប៉ាក់សាទៅឥណ្ឌាតែមិនអាច ក៏សំរេចទៅកាន់ម៉ាល់ឌីវនៅថ្ងៃពុធទី១៣កក្កដាទាំង​ប្រថុចញ៉ុច

​មន្ត្រី​អាកាសយាន​ម្នាក់​នៅ​ទីក្រុង​ម៉ា​ល​(Male)​បាន​និយាយថា ពេលទៅដល់​ម៉ាល់​ឌី​វ ពួកគេ​ត្រូវបាន​នាំ​ទៅ​កាន់​ទីកន្លែង​មិន​ទម្លាយ​អោយដឹង​មួយ​ក្រោម​ការ​អមដំណើរ​របស់​ប៉ូលិស ។​

សូមបញ្ជាក់ថា ​ការចាកចេញ​របស់​មេ​ដឹកនាំ​វ័យ​៧៣​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​រារាំង​អស់​២៤​ម៉ោង​ក្នុង​ការប្រឈមមុខ​ជា​មួយ​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​នៅ​ក្រុង​កូឡុំបូ​។​លោក​ចង់​ធ្វើ​ដំណើរ​ទៅ​ក្រុង​ឌូ​បៃតា​ជើងហោះហើរ​ពាណិជ្ជ​​កម្ម​មួយ តែ​បុគ្គលិក​អាកាសយានដ្ឋាន​ដកចេញ​ពី​ផ្នែក​បំរើសេវា​ភ្ញៀវ​ពិសេស​(VIP)​និង​ថា​អ្នកដំណើរ​ទាំងអស់​ត្រូវ​ឆ្លងកាត់​បញ្ជ​សាធារណៈ​ធម្មតា​។​តែ​គណបក្សកាន់អំណាច​ស្ទាក់ស្ទើរ​ក្នុង​ការប្រើ​សេវា​ធម្មតា​ដោយ​ខ្លាច​ប្រតិកម្ម​ពី​សាធារណជន នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​សន្តិសុខ​ម្នាក់ ហើយ​ជា​លទ្ធផល​លោក​ប្រធានាធិបតី​បាន​ខក​ជើងហោះហើរ​ដល់​​ទៅ​បួន ដែល​អាច​នាំ​រូបលោក​ទៅកាន់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​មន្ត្រី​សន្តិសុខ​ដដែល​បានអោយដឹង​ទៀត​ថា ដំណើរការ​ឯកសារ​សំរាប់​ការហោះ​យន្តហោះ​យោធា​ទៅ​ចុះ​នៅ​ឥណ្ឌា ដែល​ជា​ទីតាំង​ជិត​បំផុត​ក៏​មិន​អាចធ្វើ​បាន​ភ្លាម និង​នៅ​ចំណុច​មួយ​កាលពី​ថ្ងៃ​អង្គារ ក្រុម​​អ្នកដំណើរ​ពិសេស​នេះ​បានវិល​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​មួ​យ​។​

​ប្អូនប្រុស​របស់​លោក​ប្រធានាធិបតី​គឺ​លោក បា​ស៊ី​ល ដែល​បាន​លាឈប់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាលពី​ខែ​មេសា ក៏​ខក​ជើងយន្តហោះ​ទៅកាន់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​កាលពី​ថ្ងៃ​អង្គារ​ក្រោយ​ប្រឈម​មុខ​តានតឹង​ជា​​មួយ​បុគ្គលិក​អាកាសយាន​និង​អ្នកដំណើរ​ខ្លះ​ប្រឆាំង​មិន​អោយ​លោក​ជិះ​យន្តហោះ​ជាមួយ​ពួកគេ​។​

​បើ​លោក​លាឈប់ នាយករដ្ឋមន្ត្រី រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(Ranil Wickremesinghe )​នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី​ជា​ស្វ័យប្រវត្តិ​រហូត​ដល់​សភា​ជ្រើសរើស​សមាជិក​សភា​ណា​ម្នាក់​អោយ​បំពេញ​បញ្ចប់​​អាណត្តិ​ប្រធានាធិបតី​រ៉ា​ចា​ប៉ាក់​សា ដែល​នឹង​ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០២៤​។​តែ​លោក វិក​ក្រេមេ​ស៊ីង​ក៏​បាន​ប្រកាសលាឈ​ប់តា​មការ​ទាមទារ​របស់​បាតុករ​ផងដែរ បើសិនជា​មាន​ការស្រុះស្រួល​មតិ​គ្នា​លើ​ការ​​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​បក្ស​ប្រឆាំងសា​ម៉ា​ហ្គី ចា​ណា បា​ឡា​វ៉េ​ហ្កា​យ៉ា​(Samagi Jana Balawegaya)​លោក សាជី​ត ប្រេ​ម៉ា​ដា​សា​(Sajith Premadasa)​បាន​និយាយថា​លោក​ឈរឈ្មោះ​សំរាប់​​មុខ​តំណែង​ប្រធានាធិបតី​៕