ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ប្រធានប្រតិភូកីឡាហ្វីលីពីន លោក Valeriano L.Floro II ដែលមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះពហុកីឡដ្ឋានជាតិមរតកតេជោ និងចាត់ទុកជាប្រភេទកីឡដ្ឋានស្ដង់ដាកម្រិតខ្ពស់។
ក្នុងដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំក្រោយនៅកម្ពុជា លោក Valeriano Floro II បានចាប់អារម្មណ៍ខ្លាំងលើពហុកីឡដ្ឋានជាតិមតរកតេជោ ដែលជាពហុកីឡដ្ឋានថ្មី ដ្បិតលោកធ្លាប់បានធ្វើដំណើរទៅប្រទេសជឿនលឿនជាច្រើនលោកឃើញស្ថិតក្នុងកម្រិតដូចគ្នា។
លោក បាននិយាយ ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង និងពិសេសបំផុតនោះ គឺកីឡដ្ឋាននេះ (ពហុកីឡដ្ឋានជាតិមតរកតេជោ) វាដូចជានៅប្រទេសជឿនលឿនដែលគេមានរួចជាស្រេចដែរ ព្រោះលោកបានទៅប្រទេសជឿនលឿនជាច្រើនហើយកីឡដ្ឋាននេះ គឺដូចទៅនឹងកីឡដ្ឋានទាំងនោះ ជាមួយនឹងគ្រឿងបរិក្ខាទំនើបៗ៕