ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកសិង្ហបុរី លោក Chris Chan បង្ហាញនូវជំនឿចិត្តថា កម្ពុជានឹងទទួលបានមេដាយកាន់តែច្រើននាអំឡុងស៊ីហ្គេមឆ្នាំក្រោយសម្រាប់ការធ្វើម្ចាស់ផ្ទះរបស់កម្ពុជាប្រសិនបើប្រទេសនេះផ្ដោតលើការស្នើសុំជំនួយគ្រូបង្វឹកកម្រិតខ្ពស់មកពីក្រៅប្រទេសឲ្យជួយ។

លោក Chris Chan លើកឡើងបែបនេះ គឺបន្ទាប់ពីលោកបានមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា ព្រមទាំងបានធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់សម្រាប់ប្រកួត។

លោកបានលើកហេតុផលមួយចំនួនដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡាពោរពេញដោយសោភ័ណភាព ទាំងកន្លែងហ្វឹកហាត់ និងកន្លែងប្រកួតជាដើម គឺមានគ្រប់គ្រាន់ និងស្រស់ស្អាតថែមទៀតផង ដែលនេះគឺគ្រាន់តែត្រូវការគ្រូជំនាញមកបង្វឹកកីឡាករ លោកជឿថា នឹងជោគជ័យជាក់ជាមិនខាន។ក្នុងការស្នើសុំនេះប្រសិនបើមិនមានការជួយពីសហព័ន្ធកីឡាអន្តរជាតិទេលោកគិតដែរថាប្រទេសដែលជាដៃគូក្នុងតំបន់អាស៊ីអាគ្នេយ៍អាចជួយកម្ពុជាបានប្រសិនកម្ពុជាធ្វើការស្នើសុំ។

លោកយល់ថា ទីលានហ្វឹកហាត់ស្តាតកម្ពុជា គឺមានគ្រប់គ្រាន់ហើយពាក់ព័ន្ធរឿងបច្ចេកទេស​ និងគ្រូបង្វឹក មានលក្ខណៈស្តង់ដារកម្រិតខ្ពស់ជំនាញច្បាស់លាស់។ បើសិនកម្ពុជាមិនមានការជួយពីសហព័ន្ធកីឡាអន្តរជាតិទេប្រទេសដែលជាសមាជិកអាស៊ីអាគ្នេយ៍អាចជួយគ្នាបាន។ប្រសិនបើកម្ពុជាផ្ដោតទៅលើរឿងនេះ កម្ពុជានឹងអាចមានមេដាយកាន់តែច្រើនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។

លោកក៏បានលើកទឹកចិត្តឲ្យកម្ពុជារៀបចំការប្រកួតនៅពហុកីឡដ្ឋានមរតកតេជោឲ្យបានច្រើន ព្រោះអី ដើម្បីឲ្យកីឡាករមានភាពស៊ាំជាមួយទីកន្លែង និងបរិយាកាសជាដើម៕