ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈប្រតិភូ ដឹកនាំ​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា បានឱ្យដឹងថា មាន​ចំនួន​៥​ប្រភេទ​កីឡា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ នៅ​ប្រទេស​ថៃ (20th ASEAN University GAMES) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​ខេត្ត Ubon Ratchathani ប្រទេស​ថៃ ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឧទ្ទេសនាម​លោក ស សុខា​សម្រាប់​ដឹកនាំ​គ្រូបង្វឹក អាជ្ញាកណ្តាល និង​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា ចំនួន​៥​ប្រភេទ​កីឡា ចំនួន​៤៤​នាក់ រួមមាន​កីឡា​ប៉េតង់ តេ​ក្វាន់​ដូ WT (World Taekwondo) កា​រ៉ា​តេ​-​ដូ គុន​ដាវ និង អត្តពលកម្ម ។ កីឡា​ប៉េតង់​ចំនួន​១៤​នាក់ កីឡាករ​-​កីឡាការិនី​១២​នាក់ គ្រូបង្វឹក និង​គ្រូ​ជំនួយ​២​នាក់ កីឡា​តេ​ក្វាន់​ដូ WT ចំនួន​៩​នាក់ កីឡាករ​-​កីឡាការិនី​៦​នាក់ គ្រូបង្វឹក និង​គ្រូ​ជំនួយ​២​នាក់ ព្រមទាំង​អាជ្ញាកណ្តាល​១​នាក់ ។​

​ចំពោះ​កីឡា​គុន​ដាវ ចំនួន​៥​នាក់ កីឡាការិនី​៣​នាក់ គ្រូបង្វឹក​១​នាក់ និង​អាជ្ញាកណ្តាល​១​នាក់ កីឡាអត្តពលកម្ម​ចំនួន​៤​នាក់ កីឡាករ​-​កីឡាការិនី​៣​នាក់ និង​គ្រូបង្វឹក​១​នាក់ កីឡា​កា​រ៉ា​តេ ចំនួន​៦​នាក់ កីឡាករ​-​កីឡាការិនី​៤​នាក់ គ្រូបង្វឹក​១​នាក់ ព្រមទាំង​អាជ្ញាកណ្តាល​១​នាក់ ៕​