ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារទី១២កក្កដាថាខ្លួនបានធ្វើការវាយប្រហារដោយគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយប្រឆាំងនឹងកងកម្លាំងនិងឧបករណ៍យោធារបស់រុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន ជាទឹកដីដែលខ្លួននិយាយថាខ្លួនគ្រោងនឹងវាយយកមកវិញនៅក្នុងការវាយបកដោយប្រើប្រាស់កងទ័ពរាប់សែននាក់។
យោធាអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះបានវាយចំឃ្លាំងគ្រាប់នៅក្នុងទីប្រជុំជនណូវ៉ាកាខូវកា (Nova Kakhovka) ក្នុងតំបន់ឃើសិន (Kherson) ហើយបានសម្លាប់មនុស្ស ៥២ នាក់។ រឿងនេះកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធកាំភ្លើងធំចល័ត HIMARS ដ៏ទំនើបដែលទីក្រុងគៀវនិយាយថាកងកម្លាំងរបស់ខ្លួនកំពុងប្រើប្រាស់វាជាមួយនឹង
ប្រសិទ្ធភាពខ្ពស់។
អាជ្ញាធរទីក្រុងឃើសិនដែលបន្តុបដោយរុស្ស៊ីបានផ្តល់ព័ត៌មានផ្សេងនៃព្រឹត្តិការណ៍នេះ។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា ពួកគេបាននិយាយថាយ៉ាងហោចណាស់មនុស្សប្រាំពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងប្រហែល ៧០ នាក់បានរងរបួស។ មន្ត្រីដែលគាំទ្រដោយរុស្ស៊ីនៅទីក្រុងឃើសិនបាននិយាយថា មនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់ត្រូវបានសម្លាប់ហើយជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ភស្តុតាងសមរភូមិណាមួយដោយឯករាជ្យបានទេ។
តំបន់ ដែលអ៊ុយក្រែនវាយប្រហារនោះ គឺជាតំបន់មួយដែលរុស្ស៊ីដណ្តើមបានបន្ទាប់ពីបានបើកនូវអ្វីដែលទីក្រុងមូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស”នៅថ្ងៃទី២៤កុម្ភៈនៅក្នុងអតីតប្រទេសជិតខាងសូវៀតរបស់ខ្លួននិងជាតំបន់មានសារៈសំខាន់ជាយុទ្ធសាស្ត្រជាមួយនឹងការចូលទៅកាន់សមុទ្រខ្មៅដែលធ្លាប់ជាតំបន់កសិឧស្សាហកម្មដ៏រីកចម្រើននិងជាទីតាំងមួយនៅកៀកភាគខាងជើងនៃឧបទ្វីបគ្រីមេកាត់យកដោយរុស្ស៊ី។
មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកេណ្ឌទាហានរហូតដល់មួយលាននាក់ និងគោលបំណងវាយដណ្តើមយកមកវិញនូវផ្នែកភាគខាងត្បូងនៃប្រទេសដែលឥឡូវស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ទីបញ្ជាការយោធាភាគខាងត្បូងរបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ផ្អែកលើលទ្ធផលនៃអង្គភាពរ៉ុក្កែតនិងកាំភ្លើងធំរបស់យើង សត្រូវបានបាត់បង់មនុស្សចំនួន៥២នាក់ កាំភ្លើងធំ Msta-Bមួយ កាំភ្លើងត្បាល់មួយ និងរថពាសដែកចំនួន ៧ គ្រឿង និងរថយន្តផ្សេងទៀត ព្រមទាំងឃ្លាំងគ្រាប់នៅណូវ៉ាកាខូវកា”។
វីដេអូមិនទាន់ផ្ទៀងផ្ទាត់មួយដែលបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញផ្សែងនិងផ្កាភ្លើង បន្ទាប់មកដុំភ្លើងដ៏ធំបានផ្ទុះឡើងលើមេឃនៅពេលយប់។រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានបង្ហាញឱ្យឃើញនូវវាលរហោស្ថានដែលគ្របដណ្តប់ដោយកម្ទេចថ្មនិងសំណល់អគារ។
មន្ត្រីម្នាក់មកពីរដ្ឋបាលមូលដ្ឋានដែលគាំទ្រដោយរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល HIMARS ហើយថាពួកគេបានបំផ្លាញឃ្លាំងផ្ទុកសារធាតុ Saltpetreដែលជាសមាសធាតុគីមីអាចប្រើសម្រាប់ធ្វើជីរឬរំសេវកាំភ្លើង។ បន្ទាប់មក ការផ្ទុះដ៏ធំមួយបានកើតឡើង។ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ក្រោយមកថា ភ្លើងត្រូវបានពន្លត់។
ក្រសួងការពារជាតិអ៊ុយក្រែនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺអំពីប្រភេទអាវុធដែលបានប្រើប្រាស់នោះទេ។
លោក វ្ល៉ាឌីមៀ លីអូនយ៉េវ (Vladimir Leontyev)ប្រធានរដ្ឋបាលយោធា-ស៊ីវិលស្រុកកាខូវកា (Kakhovka) ដែលបន្តុបដោយរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយ TASS យ៉ាងដូច្នេះថា”នៅមានមនុស្សជាច្រើននៅក្រោមគំនរបាក់បែក។ អ្នករងរបួសកំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមនុស្សជាច្រើនត្រូវជាប់គាំងនៅក្នុងផ្ទះល្វែងនិងផ្ទះរបស់ពួកគេ”។ លោកបន្តថា ឃ្លាំង ហាងទំនិញ ឱសថស្ថាន ស្ថានីយប្រេងឥន្ធនៈ និងព្រះវិហារបានរងគ្រាប់ផ្លោង៕
អ៊ុយក្រែនអះអាងថាខ្លួនប្រើរ៉ុក្កែតដែលអាម៉េរិកផ្តល់អោយដើម្បីវាយប្រហារលើទីក្រុងឃើសិនសម្លាប់សត្រូវ ៥២ នាក់