ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឯកសារតុលាការបានបង្ហាញថា ក្រុមហ៊ុន Twitterកាលពីថ្ងៃអង្គារទី១២កក្កដាបានប្តឹងលោក អេឡុន ម៉ាសពីបទរំលោភកិច្ចសន្យាតម្លៃ ៤៤ពាន់លានដុល្លារដែលគាត់បានចុះហត្ថលេខាដើម្បីទិញក្រុមហ៊ុនបច្ចេកវិជ្ជានេះ ដោយហៅយុទ្ធសាស្ត្រចាកចេញរបស់គាត់ថា “គំរូនៃការលាក់ពុត”។
បណ្តឹងដែលបានប្តឹងនៅក្នុងរដ្ឋដេឡាវែ (Delaware)របស់សហរដ្ឋអាម៉េរិកបានជំរុញឱ្យតុលាការបង្គាប់ឱ្យមហាសេដ្ឋីរូបនេះបំពេញកិច្ចព្រមព្រៀងរបស់គាត់ដើម្បីទិញ Twitterដោយលើកហេតុផលថាគ្មានការខូចខាតផ្នែកហិរញ្ញវត្ថុណាអាចជួសជុលការខូចខាតដែលគាត់បានបង្កឡើងនោះទេ។
ពាក្យបណ្តឹងបានបន្តថា “ការប្រព្រឹត្តរបស់លោកម៉ាសបានបញ្ជាក់ឱ្យដឹងថាគាត់ចង់គេចចេញពីកិច្ចសន្យាដែលគាត់បានចុះហត្ថលេខាដោយសេរី និងបំផ្លាញ Twitter នៅក្នុងដំណើរការនេះ”។
“Twitter បានរងការខូចខាត ហើយនឹងបន្តរងការខូចខាតមិនអាចជួសជុលបាន ដោយសារការរំលោភបំពានរបស់ចុងចោទ”។
ភាគហ៊ុន Twitter បានកើនឡើងបន្តិចនៅក្នុងការជួញដូរបន្ទាប់ពីដំណឹងនៃការប្តឹងនេះបានលេចឡើង។
ក្រុមអ្នកវិភាគនិយាយថា ការប៉ុនប៉ងចាកចេញរបស់លោកម៉ាសពីការទិញនេះបានធ្វើឱ្យក្រុមហ៊ុនស្ថិតក្នុងស្ថានភាពងាយរងគ្រោះនៅគ្រាដ៏លំបាក។
បន្ទាប់ពីការគំរាមជាច្រើនសប្តាហ៍ លោកម៉ាសកាលពីចុងសប្តាហ៍បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយចោទប្រកាន់ Twitter ថាចេញសេចក្តីថ្លែងការណ៍ “បំភ័ន្ត” អំពីចំនួនគណនីក្លែងក្លាយ នេះបើយោងតាមលិខិតរបស់មេធាវីរបស់គាត់ដែលមាននៅក្នុងឯកសារមូលបត្ររបស់អាម៉េរិក។
នៅក្នុងការកត់សម្គាល់ជាសាធារណៈលើកដំបូងរបស់គាត់ចាប់តាំងពីការប្រកាសនោះ លោកម៉ាសបានប្រើ Twitter កាលពីចុងសប្តាហ៍ដើម្បីចម្អកដាក់ក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុននិយាយថាខ្លួននឹងប្តឹងដើម្បីឱ្យអនុវត្តកិច្ចព្រមព្រៀងនេះ។
លោកម៉ាសបានសរសេរលើ Twitter ជាមួយនឹងរូបគាត់សើចចុកពោះយ៉ាងដូច្នេះថា “ពួកគេនិយាយថាខ្ញុំមិនអាចទិញ Twitter បានទេ។បន្ទាប់មកពួកគេមិនព្រមបង្ហាញព័ត៌មានគណនីក្លែងក្លាយ។ ឥឡូវនេះពួកគេចង់បង្ខំខ្ញុំឱ្យទិញ Twitterនៅក្នុងតុលាការ។ ឥឡូវនេះ ពួកគេត្រូវតែបង្ហាញព័ត៌មានគណនីក្លែងក្លាយនៅក្នុងតុលាការ”៕
Twitterប្តឹងឱ្យលោកម៉ាសទិញយកក្រុមហ៊ុនបណ្តាញសង្គមនេះក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ