ដោយ​: ដេប៉ូ​/​ភ្នំពេញ​: ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាន​ចែករំលែក​បទពិសោធ​ជាច្រើន​ទាក់ទង​នឹង​ការអនុវត្ត​គោលនយោបាយ សាធារណៈ​នៃ​ការរៀបចំ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ការកសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ដើម្បី​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជូន​ដល់​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ជាង ៥០០​នាក់​។

​ការចែករំលែក​បទពិសោធ​នេះ​ធ្វើឡើង ក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រារព្ធ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​ទីតាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា នេះ​គឺជា​ការចែក រំលែក​ចំណេះដឹង និង​បទពិសោធ​ជាក់ស្តែង​ទាក់ទង​នឹង​ការគ្រប់គ្រង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​ភ្នំ​គូលែន គឺជា​ពង្រឹង​ការយល់ដឹង​បន្ថែម​ស្តីពី​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​ជូន​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ដែល​នឹងចូលរួម​ចំណែក​បម្រើ​ជាតិ​មាតុភូមិ​។

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ត្រូវបាន​ការពារ​សម្រាប់​គោលបំណង​ផ្សេងៗ រួមមាន​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី ការអប់រំ ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ និង​ការកម្សាន្ត​។ ចំពោះ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា មិន​ត្រឹមតែ​ជា​តំបន់ការពារធម្មជាតិ ដែលមាន​ជីវៈចម្រុះ​គ្រប់​ប្រភេទ​នោះទេ ថែមទាំង​ជា​ទឹកដី​ពោរពេញ​ដោយ​សម្បត្តិ​វប្បធម៌ អរិយធម៌​ពី​បុរាណ​ផងដែរ​។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាន​គ្រប់គ្រង​ឧទ្យាន​ជាតិ​នេះ​យ៉ាង​ពិសេស សម្រាប់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​រមណី​ដ្ឋា​ន ក្លាយជា​តំបន់​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ធ្វើយ៉ាងណា​បង្កើន​នូវ​ចំណូល​ជូន​ប្រជា​សហគមន៍ តាមរយៈ​ទេសចរណ៍ធម្មជាតិ ការចិញ្ចឹម​សត្វ និង​ការដាំដុះ​ដំណាំ​កសិកម្ម​ជាដើម​។

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោ​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ការកសាង​សេដ្ឋកិច្ច​មូលដ្ឋាន គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​កិច្ចការពារ​អភិរក្ស​ធនធានធម្មជាតិ ពីព្រោះថា កាលណា​ជីវភាព​ក្នុង​សហគមន៍​រីកចម្រើន គាត់​មាន​ការងារ​ធ្វើ​មាន​ចំណូល នោះ​ពួកគាត់​ក៏​លែង​ចូល​ព្រៃ​កាប់​ឈើ ទន្ទ្រាន​ដី ឬ​បរបាញ់​សត្វ​ទៀត​ដែរ​។ ជាក់ស្តែង​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” យើង​មាន​បង្កើត​ស្ថានីយ​បន្សុទ្ធ​ពូជ​ជ្រូក​ភ្នំ​គូលែន សម្រាប់​ចែកជូន​ដល់​ប្រជា​សហគមន៍ ចិញ្ចឹម និង​លក់​ចេញ ដើម្បី​បង្កើន​ជម្រើស​ជីវភាព​ថ្មី កសាង​សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​សហគមន៍ ក៏ដូចជា​ការពារ​បាន​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​តំបន់ការពារធម្មជាតិ ដែល​ពួកគាត់​រស់នៅ​ផងដែរ​។​

​ក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រារព្ធ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ និង​ការស្វាគមន៍​កម្មសិក្សាការី​និង​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន រួមជាមួយ​សិស្ស​មន្ត្រីរាជការ​នៃ​សាលា​ភូមិន្ទ រដ្ឋបាល តំណាង​រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ដៃគូ​ពាក់ព័ន្ធ​បាន​ចូលរួម​ដាំ​ឈើ​ហូប​ផ្លែ ដែលជា​អត្តសញ្ញាណ​នៃ​ភ្នំ​គូលែន រួមមាន​គូលែន សិរមាន់ និង​ផ្ញៀវ​សរុប​ចំនួន​៨០០​ដើម​តាម​សងខាង​ផ្លូវ​ចូលទៅ​កាន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” ខេត្តសៀមរាប​។ ជាមួយគ្នានេះ​កម្មសិក្សាការី និង​សិស្ស​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល និង​អ្នកចូលរួម​ក្នុង​ពិធី​នេះ បាន​ចូល​ទស្សនា​និង​ស្វែងយល់​ពី​ការអភិរក្ស​កេសរ​កូ​ល​និង​រុក្ខជាតិ​ព្រៃ​នៅ​មជ្ឍមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស “​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​” ផងដែរ​៕