​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សំណុំ​រូបថត​ដ៏​មិន​គួរ​ឱ្យ​ជឿ​មួយ​បានបង្ហាញ​សត្វ​អង្ក្រង​បង្ហាញ​ពី​កម្លាំង​ដ៏​អស្ចារ្យ​របស់​វា​ដោយ​លីសែង​និង​រក្សា​លំនឹង​ផ្លែឈើ​ធំ​ជាង​ខ្លួន​វា ១០​ដង​បាន​យ៉ាង​​ងាយស្រួល​។​

​ជាង​ថត​រូបភាព​បែប​ម៉ា​ក្រូ ឈ្មោះ ឌី​ហ្សូ​ល​ហ្វី​គី (Dzulfiki) មកពី​ទីក្រុង​ស៊ីកា​រ៉ាង (Cikarang) ប្រទេស​ឥណ្ឌូនេស៊ី បាន​ចែករំលែក​រូបភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ដែល​បង្ហាញ​អង្ក្រង​លើក​វត្ថុ​​ជាច្រើន​ដូចជា​ទំពាំងបាយជូរ​និង​ស្ពៃ​ប្រូ​ខូលី​ជាដើម​។​

​អង្ក្រង​តូចៗ​ទាំងនេះ​ត្រូវបាន​ថត​ពេល​វា​កំពុង​លើក​បំណែក​ផ្លែឈើ​និង​បន្លែ​ផ្សេងៗ​ពី​លើ​ក្បាល​របស់​វា ហើយ​ធ្វើឱ្យ​ការលើក​ដ៏​អស្ចារ្យ​នេះ​មើល​ទៅ​ងាយស្រួល​សឹង​មិន​គួរ​ឱ្យ​ជឿ​។​

​លោក​ឌី​ហ្សូ​ល​ហ្វី​គី ដែល​ថត​រូបភាព​ដ៏​អស្ចារ្យ​នៃ​អង្ក្រង​នៅក្នុង​ឧទ្យាន​ណារ៉ូ​ហ្គុ​ង​ម៉ាក្រូ (Narogong Macro) បាន​និយាយថា គាត់​គិត​ថា​សត្វល្អិត​នេះ “​ខ្លាំងក្លា​ណាស់​” ហើយ​ជារឿយៗ​បង្ហាញ “​ជំនាញ​ការងារ​ជា​ក្រុម​ដ៏​អស្ចារ្យ​” នៅពេល​រើ​ទីតាំង​វត្ថុ​ផ្សេងៗ​។​

​លោក​បាន​និយាយថា “​វា​ពិតជា​ស្រស់​ស្អាត​ណាស់​ក្នុង​ការថតរូប​ពួក​វា​នៅ​ពេល​ដែល​ពួក​វា​កំពុង​ធ្វើ​សកម្មភាព​ដូចជា​ធ្វើការ​រួមគ្នា​និង​លើក​របស់របរ​ជា​ដើម​។ នៅក្នុង​រូបភាព​ទាំងនេះ​ពួកវា​លើក​វត្ថុ​ធ្ងន់​​ជាង​ខ្លួន​វា​ដល់​ទៅ​១០​ដង​”​។​

​លោក​ឌី​ហ្សូ​ល​ហ្វី​គី​បាន​ពន្យល់ថា “​ពពួក​ស្រមោច​អង្ក្រង​គឺ​ខ្លាំងក្លា​ណាស់​និង​មាន​ជំនាញ​ការងារ​ជា​ក្រុម​ដ៏​អស្ចារ្យ​។ នៅពេលដែល​មនុស្ស​បាន​ឃើញ​រូបភាព​ទាំងនេះ​ពួកគេ​មិន​ជឿ​ថា​អង្ក្រង​អាច​លើក​​ផ្លែ​ឈើ​ទាំង​នេះ​រួច​នោះ​ទេ​។ វា​ពិតជា​អស្ចារ្យ​និង​ស្រស់​ស្អាត​ណាស់​ក្នុងការ​មើល​និង​ថតរូប​”៕

រូបភាព​អង្ក្រង​លើក​វត្ថុ​ធំ​ជាង​វា​១០​ដង ថត​បាន​ដោយ​លោក​ឌី​ហ្សូ​ល​ហ្វី​គី​នៅ​ឥណ្ឌូនេស៊ី​