​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កក្កដា​ថា ប្រទេស​នេះ​ចង់​ទិញ​ប្រេងម៉ាស៊ូត​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​ពី​ប្រទេស​រុស្ស៊ី បន្ទាប់​ពី​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​មូ​ស្គូ​។​

​លោក កា​ឡូ​ស ហ្វ្រង់​កា (Carlos França) បាន​ហៅ​រុស្ស៊ី​ថា​ជា “​ដៃគូ​យុទ្ធសាស្ត្រ​” ហើយ​និយាយ​ថា ប្រេ​ស៊ីល​កំពុង​ខ្វះខាត​ប្រេងម៉ាស៊ូត​។​

​លោក​បាន​និយាយថា “​ពិតណាស់ យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា យើង​មាន​ប្រេងម៉ាស៊ូត​គ្រប់គ្រាន់​សម្រាប់​អាជីវកម្ម​កសិឧស្សាហកម្ម​ប្រេ​ស៊ីល ហើយ​ជា​ការពិត​ណាស់​គឺ​សម្រាប់​អ្នកបើកបរ​ប្រេ​ស៊ីល​។​នោះ​ហើយ​​ជា​មូលហេតុ​ដែល​យើង​កំពុង​ស្វែងរក​…​អ្នកផ្គត់ផ្គង់​ប្រេងម៉ាស៊ូត​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត ហើយ​រុស្ស៊ី​គឺ​ស្ថិត​ក្នុងចំណោម​ពួកគេ​”​។​

​រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​បែប​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ការអត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី ជែរ បូល​សូ​ណារ៉ូ (Jair Bolsonaro) កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង​ប្រា​ស៊ី​លី​យ៉ា (Brasilia) ថា ប្រេ​ស៊ីល​មាន “​កិច្ចព្រមព្រៀង​” ហើយ​ប្រេងម៉ាស៊ូត​របស់​រុស្ស៊ី “​អាច​ចាប់ផ្តើម​មក​ទី​នេះ​ក្នុង​រយៈពេល ៦០ ថ្ងៃ​”​។

​មុននេះ ប្រធានាធិបតី​បាន​ប្រាប់​អ្នកគាំទ្រ​ថា ប្រេ​ស៊ីលជិត​ទទួលបាន​ប្រេងម៉ាស៊ូត “​ថោកៗ​” ពី​រុស្ស៊ី​។​

​លោក​បូល​សូ​ណារ៉ូ​បាន​និយាយថា “​រុស្ស៊ី​បន្តធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក​ទាំងមូល​”​។​

​លោក​ហ្វ្រង់​កា​បាន​កត់សម្គាល់​ថា ប្រេ​ស៊ីល​និង​រុស្ស៊ី​គឺជា​ដៃគូ​នៅក្នុង​ក្រុម BRICs នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​សំខាន់ៗ ដែល​រួមមាន​ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​ផងដែរ​។​

​ក្រៅពី​ប្រេងម៉ាស៊ូត រដ្ឋមន្ត្រីការបរទេស​រូបនេះ​បាន​និយាយថា “​យើង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការនាំ​ចេញ​ជីរ​គីមី​ពី​រុស្ស៊ី​និង​ពី​បេឡា​រូស​ផងដែរ​”​។​

​លោក​បាន​និយាយថា រុស្ស៊ី​ក៏​ជា “​អ្នកផ្តល់​ប្រេង​និង​ឧស្ម័ន​ដ៏​អស្ចារ្យ​ផងដែរ​” ដោយ​បន្ថែម​ថា “​អ្នក​អាច​ទៅ​សួរ​អាល្លឺម៉ង់​អំពី​រឿង​នេះ ហើយ​សួរ​អឺរ៉ុប​អំពី​រឿង​នេះ​បាន​”៕

​លោក កា​ឡូ​ស ហ្វ្រង់​កា(ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ ឡាវ​រ៉ូវ ជួប​គ្នា​នៅ​កិច្ចប្រជុំ G20 នៅ​កោះ​បាលី​កាលពី​ថ្ងៃ​សុក្រ​ទី ៨ កក្កដា ឆ្នាំ​២០២២​