ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ទីរបញ្ចកោណនិងអង្គការក្នុងស្រុកនានាបាននិយាយថា បុរសម្នាក់ដែលមន្ត្រីអាម៉េរិកហៅថាជាមេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារទី១២កក្កដានៅក្នុងការវាយប្រហារដោយដ្រូន ខណៈជននេះកំពុងជិះម៉ូតូនៅតំបន់ភាគខាងជើងប្រទេស។
អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាលរបស់មន្ទីរបញ្ចកោណលោកវរសេនីយ៍ទោ ដេវ អ៊ីសបឺន (Dave Eastburn) ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា លោក ម៉ាហឺ អាល់ អាហ្គាល់ (Maher al-Agal) ត្រូវបានសម្លាប់នៅជិតទីក្រុងជីនឌីរ៉េស (Jindires) ភាគខាងជើងប្រទេសស៊ីរី ហើយជំនួយការកំពូលរបស់គាត់ម្នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារនេះ។
កងកម្លាំងការពារជនស៊ីវិលស៊ីរីស្ម័គ្រចិត្ត ដែលគេស្គាល់ថា ក្រុម”មួកសុវត្ថិភាពពណ៌ស” បាននិយាយថាការវាយប្រហារនេះបានកំណត់គោលដៅលើអ្នកទាំងពីរខណៈពួកគេកំពុងជិះម៉ូតូនៅក្រៅក្រុងអាឡិបប៉ូ (Aleppo)។
ប្រធានាធិបតី ចូ បៃដិន បាននិយាយថា ការវាយប្រហារនេះ “បានដកចេញភេរវករដ៏សំខាន់មួយចេញពីទីលាន ហើយធ្វើឱ្យខូចសមត្ថភាពរបស់ ISIS យ៉ាងខ្លាំងក្នុងការរៀបចំផែនការ ធនធាន និងប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់”៕
មនុស្សកំពុងនាំគ្នាមើលទីតាំងដែលដ្រូនអាម៉េរិកសម្លាប់មេដឹកនាំរដ្ឋអ៊ីស្លាម លោក ម៉ាហឺ អាល់ អាហ្គាល់ ក្បែរក្រុងជីនឌីរ៉េស (Jindires) ភាគខាងជើងប្រទេសស៊ីរី