ដោយៈង៉ាន់ វីន​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ទិ​ត្យ ណុប អាយុ​៧១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ សព្វថ្ងៃ​ខ្ញុំ​រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ខ្ញុំ​រៀបការ​នៅ​ឆ្នាំ​១៩៧០ ជាមួយ​ប្រពន្ធ​ឈ្មោះ ឆឹង ថន​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​ប្រាំមួយនាក់​។ ប្អូនប្រុស​ខ្ញុំ​ម្នាក់​ស្លាប់​ដោយ​មូលហេតុ​ធ្លាប់​ធ្វើជា​ទាហាន​ក្នុង​របប លន់ នល់​។ ប្អូន​ខ្ញុំ​ត្រូវ​អង្គការ​នាំយកទៅ​សម្លាប់​នៅ​ឆ្នាំ​១៩៧៥​។ ចំណែក​ប្អូនប្រុស​ម្នាក់ទៀត ដែលជា​ទាហាន​របស់​ខ្មែរក្រហម ក៏បាន​ស្លាប់​ដែរ គឺ​ស្លាប់​នៅ​ឆ្នាំ​១៩៧៧ ដោយសារ​ជាប់​ពាក់ព័ន្ធ​រឿង​ផ្ទៃក្នុង​។


ទិត្យ ណុប អាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​កាលពី​ក្មេង​ខ្ញុំ​ចូលរៀន​នៅ​សាលា​វត្ត​អង្គ​ឈូក ស្ថិតនៅ​ខាងកើត​វិទ្យាល័យ ១​ឧសភា​។ ខ្ញុំ​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៩ ដោយសារ​គ្រួសារ​ក្រីក្រ​។ បន្ទាប់ពី​ឈប់រៀន ខ្ញុំ​មកជួយ​ធ្វើ​ការងារ​ផ្ទះ​ជាមួយនឹង​ឪពុកម្ដាយ​របស់ខ្ញុំ​។ ក្រោយមក ខ្ញុំ​ទៅធ្វើ​ការ​ជា​កម្មករសំណង់​នៅ​រោងចក្រ​ស្រា​បៀរ​អង្គរ​ស្ថិតនៅ​កំពង់សោម​តាមរយៈ អ្នក​ស្គាល់គ្នា​ម្នាក់​។ ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​ដែល​ខ្ញុំ​ទទួលបាន​គឺ​ចំនួន​២៥​រៀល​ក្នុង​មួយថ្ងៃ​។ ខ្ញុំ​ធ្វើការ​ជា​កម្មករសំណង់​អស់​រយៈពេល​២​ឆ្នាំ ក៏​ឈប់​ធ្វើ ព្រោះ​ខ្ញុំ​មិនមាន​កម្លាំង​គ្រប់គ្រាន់​ធ្វើការ​បន្តទៀត​។ ខ្ញុំ​ត្រឡប់មកផ្ទះ​ជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្ដាយ​។

​ខ្ញុំ​រៀបការ​ជាមួយ​ប្រពន្ធ​ខ្ញុំ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ជា​ថ្ងៃ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ​។ កាលនោះ នៅ​អង្គតាសោម​ក៏មាន​បាតុកម្ម​កើតឡើង​ដែរ​។ ក្រុមបាតុករ​បាន​ដុត​សាលាស្រុក ដុត​របស់របរ​សំខាន់ៗ​នៅ​អង្គតាសោម​។ ទាហាន​របស់ លន់ នល់ បាន​បាញ់សម្លាប់​ប្រជាជន​ស្លាប់​អស់​ជាច្រើន​នាក់​។ បន្ទាប់ពី​ខ្ញុំ​រៀបការ​រួច ក្រុម​តស៊ូ​ខ្មែរក្រហម បានរៀបចំ​ការដឹកនាំ​ភូមិ​ឃុំ​ថ្មី ហើយ​កងឈ្លប​ក៏​ត្រូវបាន​បង្កើតឡើង​ដែរ​។ កាលនោះ តា​ខេង គឺជា​មេភូមិ​ត្រពាំង​ឈូក ចំណែក​មេឃុំ​ថ្មី​គឺជា​អ្នក​មកពី​ភូមិ​ត្រពាំង​កកោះ​។ ចំណែក ញ៉ឹ​ប ឆន រស់នៅ​ភូមិ​ត្រពាំង​ត្នោត ត្រូវ​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​កងឈ្លប​ឃុំ​។

​ពី​ឆ្នាំ​១៩៧១ ដល់ ឆ្នាំ​១៩៧២ កងទ័ព​វៀត​កុង ឬ​វៀតណាម​ខាងជើង ចូលមក​រស់នៅ និង​មាន ស្នាក់ការ​នៅ​ជើងភ្នំ​ព្រៃ​បាយ​រមាស និង​នៅតាម​ជួរ​ភ្នំ​ដំរី​រមៀល​។ អ្នកភូមិ​មួយចំនួន​បាន​យក​របស់របរ​ទៅ​លក់​នៅ​ទីនោះ​។ ក្រោយមក ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​ឈ្លប​នៅក្នុង​ភូមិ​ត្រពាំង​ឈូក​។ តួនាទី​របស់ខ្ញុំ​គឺ​ដើរល្បាត​តាម​ភូមិ និង​ស៊ើបការណ៍​ពី​ប្រជាជន​ថ្មី​ដើម្បី​រាយការណ៍​ទៅ​ឃុំ​។ ក្នុង​មួយ​ភូមិ​មាន​កងឈ្លប​ចំនួន​៣​ទៅ​៥​នាក់​។ នៅក្រោយ​ថ្ងៃ​ខ្មែរក្រហម​ទទួល​ជ័យជម្នះ ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​នៅ​ធ្វើជា​កងឈ្លប​ដដែល ហើយ​ភារកិច្ច​សំខាន់​របស់ខ្ញុំ​ក្រៅពី​យាម​ភូមិ​ឃុំ និង​ស៊ើបការណ៍​ពី​ប្រជាជន​ថ្មី គឺ​ត្រូវ​បង្កប់​ក្នុង​ជួរ​បដិវត្តន៍​ដើម្បី​តាមដាន​អ្នក​ដែល​អង្គការ​សង្ស័យថា​ក្បត់​។ ខ្ញុំ​ស្គាល់​គុក​ក្រាំង​តា​ចាន់ ដែលជា​កន្លែង​ឃុំឃាំង​អ្នកទោស​ដែល​ក្បត់​នឹង​អង្គការ​។ នរណា​ក៏ដោយ​ឲ្យ​តែ​ហ៊ាន​និយាយ​ខ្សឹបខ្សៀវ​ថា​ហូបចុក​មិន​ឆ្អែត ឬ​និយាយដើម​អង្គការ ហើយ​ឈ្លប​ឮ អ្នក​និយាយ​នោះ​ត្រូវបាន​ចាប់ខ្លួន​មិន​ខាន​។

ខ្ញុំ​ធ្លាប់​ឃើញ​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ឃុំ​ស្រុក​បណ្តើរ​មនុស្ស​ជាច្រើន​នាក់​ឆ្ពោះទៅ​គុក​ក្រាំង​តា​ចាន់​។ អ្នកទោស​ទាំងនោះ ត្រូវបាន​បណ្តើរ​ចេញពី​មន្ទីរ​ស្រុក​១០៥ មាន​ទីតាំង​ស្ថិតនៅ​អង្គរកា​។ អ្នកទោស​ខ្លះ​ត្រូវបាន​សម្លាប់ចោល​តាម​ព្រៃ​អម​សងខាង​ផ្លូវ​ទៅ​គុក​ក្រាំង​តា​ចាន់​។ ក្រៅពី​ធ្វើ​កងឈ្លប ពេលខ្លះ​ខ្ញុំ​ត្រូវ​ចាត់តាំង​ឲ្យ​មក​ដាំបាយ​នៅតាម​សហករណ៍​ដែរ​។

​នៅពេល​កងទ័ព​វៀតណាម​វាយ​ចូលមក នៅ​ដើមខែ​មករា ឆ្នាំ​១៩៧៩ ខ្ញុំ​នាំ​គ្រួសារ​របស់ខ្ញុំ​ព្រមទាំង​ប្រជាជន​ផ្សេងៗ​ទៀត​រត់​កាត់​តាម​ភ្នំ​ដំរី​រមៀល ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​។ ខ្ញុំ​ទៅដល់​ភ្នំ​ក្រាំង​ដី​វ៉ា​យ និង គិរី​រម្យ ក្នុង​ខេត្តកំពង់ស្ពឺ​ដើម្បី​រត់គេច​ពី​កង​កង​វៀតណាម​។ អ្នកខ្លះ​បាន​ស្លាប់​នៅតាម​ផ្លូវ​ដោយសារ​ពុំមាន​អាហារ​ហូប​។ មនុស្ស​ចាស់​ដែល​ធ្វើដំណើរ​ទៅមុខ​លែងរួច ត្រូវបាន​កូនចៅ​ទុកចោល​នៅតាម​ផ្លូវ​ក៏មាន​។ ខ្ញុំ​រត់គេចខ្លួន​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ ទើប​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​៕សរន