ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ​ សមាគម​សប្បុរសធម៌​សង្គម​ព​ន្លី​ផ្កាឈូក (Lotus Light Charithy Social = LLCS ) ដែល​កាន់​ពុទ្ធសាសនា​មហាយាន នៅ​ប្រទេស​ព្រុយ​ណេ តាមរយ​:​ព្រះឥន្ទ​មុនី​វង្សា សំ វ៉ាន់​ថា ព្រះ​រាជាគណ​: ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទីប្រឹក្សា​សម្តេច​អគ្គ​មហាសង្ឃរាជ សុមេធាធិបតី ទេព វង្ស និង​ជា​ព្រះចៅអធិការ វត្ត​គិរី​ធម្មបទ ខ្លា​កូន​ថ្មី បន្ត​ជួយ​ភ្លើង​សូ​ឡា និង​សមិទ្ធផល​នានា ដល់​វត្ត​នេះ និង​សហគមន៍​ពុទ្ធបរិស័ទ ក៏ដូចជា​ពលរដ្ឋ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក គី ប៊ុនធឿន មេភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​ជា​ប្រធាន គណៈកម្មការ វត្ត​គិរី​ធម្មបទ​ខ្លា​កូន​ថ្មី បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១២ ខែកក្កដា​ថា​: ទោះ​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​សាកល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ជាង ២ ឆ្នាំ​កន្លងមកនេះ សប្បុរសជន និង​ពុទ្ធបរិស័ទ​ឆ្ងាយ​ជិត នៅតែ​បានធ្វើ​បុណ្យទាន និង​មាន​សទ្ធា​ជ្រះថ្លា តាម​លទ្ធភាព ក្នុងការ​ទ្រទ្រង់​ព្រះសង្ឃ វត្ត និង​ការអភិវឌ្ឍ នៅ​បរិវេណ​វត្ត ក៏ដូចជា​សហគមន៍ ភូមិ​ខ្លា​កូន​ថ្មី និង​តាម​ទីសាធារណៈ​មួយចំនួន​។​

​លោក គី ប៊ុនធឿន បាន​បន្តថា​: នោះ​មកពី​ប្រជាពលរដ្ឋ ពិសេស​សប្បុរសជន និង​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​មាន​ជំនឿ​មុតមាំ លើ​ព្រះពុទ្ធសាសនា និង​ដោយឡែក មាន​ជំនឿ​លើ​ការដឹកនាំ​របស់ ព្រះគ្រូ​ចៅអធិការ​វត្ត អាចារ្យ គណៈកម្មការ​វត្ត ។ ជាពិសេស​នោះ សមាគម LLCS នៅ​ប្រទេស​ព្រុយ​ណេ តាមរយ​:​ព្រះឥន្ទ​មុនី​វង្សា សំ វ៉ាន់​ថា ព្រះ​រាជាគណៈ ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទីប្រឹក្សា​សម្តេច​អគ្គ​មហាសង្ឃរាជ សុមេធាធិបតី ទេព វង្ស និង​ជា​ព្រះចៅអធិការ វត្ត​គិរី​ធម្មបទ​ខ្លា​កូន​ថ្មី ដែលមាន​ទំនាក់ទំនង តាំងពី​ឆ្នាំ​២០១៦ មក នៅតែ​បន្ត​ជួយ​ពី​ចម្ងាយ​មក ។​

​ចំណែក​ព្រះឥន្ទ​មុនី​វង្សា សំ វ៉ាន់​ថា បាន​មាន​សង្ឃដីកា ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា​: តាំងពី​ឆ្នាំ​២០១៦ មក សមាគម LLCS ដែល​កាន់​ពុទ្ធសាសនា​មហាយាន នៅ​ប្រទេស ព្រុយ​ណេ តាមរយ​:​ព្រះអង្គ បាន​ជួយ​ដូចជាៈ ១-​ធ្វើ​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ , ២-​បាន​បន្ត​ជួយ បង្គោល និង​បន្ទះ​សូ​ឡា ភ្លើង​បំភ្លឺ​បាន ១២៥ ដើម ដែល​ដាំ​នៅ​បរិវេណ​វត្ត នៅតាម​ផ្លូវ ក្នុងភូមិ​ខ្លា​កូន​ថ្មី នៅ​សាលាបឋមសិក្សា សម្រស់​កុមារ នៅ​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន ជាដើម​, ៣- ជួយ​ជាវ​រូប​ពុទ្ធបដិមា​ទ្រង់​បាត្រ ដាក់​សងខាង​ផ្លូវ​ឡើង​វត្ត និង​នៅ​សាលាឆាន់ លើ​ភ្នំ , ៤-​ជួយ​ថ្ម​មិច​សម្រាប់​ស្ថាបនា​ផ្លូវ ក្នុងភូមិ​ចំណុះជើងវត្ត , ៥-​ជួយ​កសាង​កុដិ , ៦-​រោង​ដាំបាយ និង​សាលាសំណាក់ ការជួសជុល​ផ្លូវ​ជណ្តើរ​ឡើង​វត្ត​ជាដើម ។​

​ឥឡូវនេះ វត្ត និង​សប្បុរសជន បាន​នឹង​កំពុង​កសាង​អគារ នៃ​បន្ទប់​ស្ទូ​ឌី​យោ និង​ការិយាល័យ តម្លើង​អង់​តែ​ន​នៃ​វិទ្យុផ្សាយសម្លេង​ជនពិការភ្នែក សាខា​ខេត្តបន្ទាយមានជ័យ ដែល​ប្តូរ​ទីតាំង ផងដែរ ។​

​ព្រះគ្រូ​ចៅអធិការ​វត្ត បាន​បន្តថាៈ ជាពិសេស​ទៅទៀត​នោះ គឺ​សប្បុរសជន​ជិត​ឆ្ងា​នៅក្នុង ប្រទេស បាន​បន្ត​ជួយ​កសាង​វត្ត ដូចជា​លោកស្រី ហេម​ចិន្តា អគ្គ​មហា​ឧបាសិកា សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ជាដើម បាន​បន្ត​ជួយឧបត្ថម្ភ​ព្រះសង្ឃ និង​កសាង​វត្ត​។​

​ព្រះឥន្ទ​មុនី​វង្សា សំ វ៉ាន់​ថា បាន​ថ្លែង​អំណរ​ព្រះ​គុណ អរគុណ និង​សូម​បិណ្ឌ​បាត្រ ដល់​សមាគម សប្បុរសជន និង​ពុទ្ធបរិស័ទ បន្ត​មាន​ជំនឿ​ជាក់​លើ ព្រះពុទ្ធសាសនា ហើយ​ជួយ​កសាង អភិវឌ្ឍន៍​វត្ត​គិរី​ធម្មបទ​ខ្លា​កូន​ថ្មី និង​សហគមន៍​បន្តទៀត ៕/V​