ដោយៈ សរិទ្ធ / ភ្នំពេញ: មនុស្សប្រុសស្រី បីនាក់ ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលទៅ បុករថយន្ត កំពុងបើកបត់ត្រឡប់ក្រោយ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ បណ្ដាលឲ្យ ស្លាប់នារីវ័យក្មេងម្នាក់់ និង ពីរនាក់ទៀត រងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជាប់នឹងស្ពានអាកាស ផ្សារដីហុយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពជនរងគ្រោះ មានឈ្មោះ ថន ចន្ធីម ភេទស្រី មានអាយុជាង ២០ ឆ្នាំ ។ ចំណែកអ្នករង របួសធ្ងន់ មិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណនៅឡើយទេ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ គេឃើញបុរសម្នាក់ ជាជនជាតិខ្មែរ រួមដំណើរ ជាមួយនឹងបុរសម្នាក់ទៀត ជាជនបរទេស ជិះរថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 2BP-6892 បើកចុះពីស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើត មកខាងលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ខាងលើ បានបត់ឆ្វេង ត្រឡប់ក្រោយ។ លុះបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញ មានបុរសម្នាក់ រួមដំណើរ ជាមួយនឹងនារី ពីរនាក់ទៀត ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-0989 ជិះពីក្រោយ ស្របទិសគ្នា ពីខាងកើត មកខាងលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលទ្វារ ខាងស្តាំរថយន្ត បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ។ ភ្លាមនោះ ប្រជាពលរដ្ឋ បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ តែជាអកុសល នារីរងគ្រោះ ឈ្មោះ ថន ចន្ធីម បានបាក់ ក ស្លាប់ បាត់ទៅហើយ ។
ចំណែកបុរសនិងនារីម្នាក់ទៀត រងរបួសធ្ងន់ បច្ចុប្បន្ន កំពុងតែសំរាកព្យាបាល នៅឯមន្ទីរពេទ្យ ឯកជន មួយកន្លែង រីឯតៃកុងរថយន្ត និងបុរសជនបរទេសម្នាក់ទៀត បានរត់គេចចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ រួចពិនិត្យ និងវាស់វែង យករថយន្ត មកស្ទូច យករថយន្ត និងម៉ូតូរងគ្រោះ ទៅរក្សាទុក នៅខាងការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ ។ រីឯសពនារី រងគ្រោះ សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V