ដោយៈ បូកគោ / កំពត: អ្នកបើកបរ បានងងុយដេក ពេលកំពុងធ្វើដំណើរ ដោយងោក មួយភាំង បណ្តាលឲ្យរថយន្ត រេចង្កូតធ្លាក់ពីផ្លូវ រួចក្រឡាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក។

សមត្ថកិច្ចនគរបាលស្រុកឈូក បានប្រាប់ឱ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះ កែ ផានិត ភេទប្រុស អាយុ ៤០ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅខេត្តព្រះសីហនុ រងរបួសស្រាល ។ ចំណែកអ្នករងរបួស ធ្ងន់ រួមមានៈ ១.ឈ្មោះ ហួន បូរី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងថ្លាន់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ខេត្តតាកែវ។ ២. ឈ្មោះ តៅ ហ័រហ្កាយ ជនជាតិចិន អាយុ ៤២ឆ្នាំ។

ប្រភពដដែល បានរៀបរាប់ថា កាលពីវេលាម៉ោង ១២ និង១៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយពេលកំពុង ធ្វើដំណើរ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង បានរេចង្កូត រួចជ្រុលធ្លាក់ផ្លូវ ហើយក្រឡាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៩-១០០ បណ្តាលឱ្យ បុរសបី នាក់រងរបួសធ្ងន់ស្រាលតែម្តង។ ករណីនេះបង្កឡើងដោយសារអ្នកបើកបរ ងងុយដេក ស្រាប់តែងោកមួយភាំង។ មន្ត្រីនគរបាលដដែលបានប្រាប់ឱ្យដឹងទៀតថាភ្លាមៗ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ ដឹកអ្នកទាំងពីរ ទៅកាន់មន្ទីពេទ្យបង្អែក ស្រុកឈូក ជាបន្ទាន់។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មានស្លាកលេខ ភ្នំពេញ 2𝐁𝐉-5484 ពាក់ព័ន្ធនឹងហេតុការណ៍នេះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកឈូក៕/V-PC