​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នគរបាល​ខណ្ឌឫស្សីកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់ និង​បាន​កំពុង​បន្ត​ស្រាវជ្រាវ រក​បក្ខពួក​សេសសល់ ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ ក្រោយពី​ការ​គំរាម​ធាក់​ប្លន់​យក​ម៉ូតូ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៣ ទៀបភ្លឺ នៅ​ចំណុច​ក្បែរ​ហ្គ្រេ​ន ភ្នំពេញ ផ្លូវ​លេខ​១៣០០ ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ យូ វួ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​លេខ ១១៩C ផ្លូវ​បេតុង ក្រុមទី​២៧ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ចំណែក​ជនសង្ស័យ​ទាំង ៧ នាក់ រួមមានៈ ១-​ឈ្មោះ ង៉ែត ម៉េង​ហុង ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្វាយ ស្រុក​ពញាឮ ខេត្តកណ្តាល​, ២-​ឈ្មោះ ខា ប៊ុន​សៀម ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​, ៣-​ឈ្មោះ ម៉ម សំណាង ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​, ៤-​ឈ្មោះ ណា សៃ​ហ្វុ​ង ស្នាក់នៅ​ផ្ទះជួល សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​, ៥-​ឈ្មោះ ហេង ណាំ ស្នាកនៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​, ៦-​ឈ្មោះ ផៃ រក្សា ស្នាក់នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ជ្រោយចង្វា​, ៧-​ឈ្មោះ មាស សំណាង ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​៧៩ ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ ក្មេងប្រុស ជា​ជនសង្ស័យ​ទាំង ៧​នាក់​នេះ មាន​អាយុ​១៨​ឆ្នាំ ដូចគ្នា មុខរបរ​គ្មាន និង​គ្មាន​សារធាតុ​ញៀន និង​អវិជ្ជមាន​កូ​វីដ ទាំងអស់​។​

​ចំណែក​សម្ភារ​ដែល​សម​ត្ថ​កិច្ច បាន​ដកហូត រួមមានៈ ១-​ម៉ូតូ​ហុងដា ឌ្រី​ម C១២៥ មួយគ្រឿង ពាក់​ស្លាក​លេខ រតនគិរី 1F-៣៤៦០ ពណ៌​ខ្មៅ​។ ២-​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HC-4064 ។ សម្ភារ​ដែល​ជម​រងគ្រោះ បាន​បាត់បង់ មានៈ ១-​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភព 1JA-2890 ។​

​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បានឱ្យដឹងថាៈ នៅ​ថ្ងៃ ខែ ឆ្នាំ ខាងលើ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ​លេខ​១៣០០ ពី​ខាងកើត ទៅខាង​លិច ទៅធ្វើ​ការ​នៅ​ហ្គ្រេ​ន​ភ្នំពេញ ពេលមកដល់​ចំណុចកើតហេតុ ខាងលើ ក៏មាន​ជនសង្ស័យ ៦​ទៅ​៨​នាក់ ជិះ​ម៉ូតូ​៣ ទៅ​៤​គ្រឿង មក​អែប​ជនរងគ្រោះ រួច​បានធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ ជនរងគ្រោះ បណ្តាលឱ្យ​ដួល ពេលនោះ ជនរងគ្រោះ មានការ​ភ័យខ្លាច ក៏​រត់ចោល​ម៉ូតូ បន្ទាប់មក ជនសង្ស័យ បាន​លើកយក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេចខ្លួន​បាត់ទៅ​។​

​ចំពោះមុខ សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន កំពុងធ្វើការ​ស្រាវជ្រាវ រក​បក្ខពួក​បន្ថែម និង​រក​កន្លែង​ទិញ​ម៉ូតូ​របស់​ជនរងគ្រោះ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​៕/V​