ដោយៈសួត វិចិត្រ បុគ្គលិក​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​/ភ្នំពេញ៖​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ សិស្សានុសិស្ស​ចំនួន​១៥​នាក់ ក្នុងនោះ​មាន​សិស្សស្រី​៦​នាក់ មកពី​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន ត្រពាំង​តាវ បាន​ចូលរួម​វេទិកា​ថ្នាក់រៀន​ស្ដីអំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅ​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​។ វេទិកា​នេះ មាន​គោលបំណង «​លើកកម្ពស់​ការចងចាំ​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង​ទ្រឹស្ដី​មួយចំនួន​ទាក់ទង​នឹង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​» ដល់​យុវជន​ស្រុក​អន្លង់វែង​។​


សិស្សានុសិស្ស​មកពី​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន ត្រពាំង​តាវ ចូលរួម​វេទិកា​ថ្នាក់រៀន​ស្ដីពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្ដិ​ភាព​អន្លង់វែង បានធ្វើ​បទ​បង្ហាញ​ទៅកាន់​សិស្សានុសិស្ស​ស្តីអំពី​អំពើ​ប្រល័យពូជសាសន៍ ដោយ​ផ្អែកទៅលើ​ការ​បញ្ចាំង​កុន​ឯកសារ «​មន្ទីរ​ស​-២១ ឬ​គុក​ទួលស្លែង​»​។ ការចាក់​បញ្ចាំង​កុន​ឯកសារ «​មន្ទីរ​ស​-២១ ឬ​គុក​ទួលស្លែង​» បាន​បង្កើត​ឲ្យ​មានការ​ពិភាក្សា​នៅក្នុង​វេទិកា​ថ្នាក់រៀន និង​បាន​រកឃើញថា​របប​ខ្មែរក្រហម​បាន​គាបសង្កត់​សិទ្ធិសេរីភាព​, ការមិន​បានផ្តល់​អាហារ​ឲ្យ​ប្រជាជន​បរិភោគ​គ្រប់គ្រាន់ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​។

មន្ទីរ​ស​-២១ គឺជា​គុក​សម្ងាត់​របស់​ខ្មែរក្រហម សម្រាប់​ឃុំឃាំង សួរចម្លើយ និង​ធ្វើ​ទារុណកម្ម​អ្នកទោស មុននឹង​យកទៅ​សម្លាប់​នៅឯ​វាលពិឃាត​បឹង​ជើង​ឯង​។ មាន​អ្នកទោស​១២​នាក់ ក្នុងចំណោម​អ្នកទោស​ប្រមាណ​ជាង ១៤,០០០​នាក់ បាន​នៅ​រស់រានមានជីវិត​ប​ន្ទា​ប់​ពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ​។ ខ្សែភាពយន្ត​ឯកសារ​ដ៏​កម្រ​នេះ ត្រូវបាន​រក្សាទុក​នៅ​បណ្ណសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​ប្រភព​ឯកសារ​ដែល​បានផ្ដល់​នូវ​ការពិចារណា​យ៉ាង​ទូលំទូលាយ​ដល់​យុវជន​ពី​អំពើ​ឃោរឃៅ និង​ទង្វើ​អមនុស្សធម៌​របស់​ខ្មែរក្រហម​ទៅលើ​ប្រជាជន​ស្លូតត្រង់​។


សិស្សានុសិស្ស​កំពុង​ពិភាក្សា​នៅក្នុង​ក្រុម នៅ​អំឡុងពេល​ចូលរួម​វេទិកា​ថ្នាក់រៀន​ស្ដីពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅក្នុង​ការពិភាក្សា​នេះ សិស្សានុសិស្ស​មួយចំនួន​ធ្លាប់​បានឮ​អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម​តាមរយៈ​ឪពុកម្ដាយ ឬ​ជីដូន​ជីតា​របស់ខ្លួន​ធ្លាប់​ដំណាល​ប្រាប់ថា ខ្មែរក្រហម​បានសម្លាប់​មនុស្ស​ដោយ​អា​រក​នឹង​ធាងត្នោត​។ ដូច្នេះ​បាន​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ទាំងនោះ​ចង់​ស្វែងយល់​បន្ថែម​នូវ​ការសម្លាប់​ដ៏​ឃោរឃៅ​នោះ​។

​សិស្សានុសិស្ស​មួយចំនួនទៀត យល់ឃើញថា​ការស្លាប់​របស់​ប្រជាជន​កម្ពុជា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ប្រាកដជា​មានការ​ចូល​រួម​ពី​ជាតិ​សាសន៍​ដទៃ​ផ្សេងទៀត​ដើម្បី​បំផ្លាញ​ជាតិ​សាសន៍​ខ្មែរ​។

​បន្ទាប់មក បណ្ឌិត លី សុខ​ឃាង បាន​បែងចែក​សិស្សានុសិស្ស​ជា​ក្រុម​ផ្សេងគ្នា ដោយ​ប្រើ​វិធីសាស្ត្រ​បង្រៀន​បែប​សហការ​។ ក្រុម​នីមួយៗ​ត្រូវ​សង្ខេប​ខ្លឹមសារ​ចេញពី​ជំពូក​សំខាន់ៗ​ក្នុង​សៀវភៅ «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»​។ តម​ក សិស្សានុសិស្ស​ត្រូវធ្វើ​បទ​បង្ហាញ​ទៅកាន់​អ្នកចូលរួម​ទាំងអស់ ព្រមទាំង​ត្រូវ​ឆ្លើយ​រាល់​សំណួរ​របស់​អ្នកចូលរួម​ផងដែរ​។


សិស្សានុសិស្ស​ធ្វើ​បទ​បង្ហាញ​តាម​ក្រុម និង​បំផុស​ឲ្យ​មានការ​សួរ​សំណួរ​អំឡុងពេល​ចូលរួម​វេទិកា​ថ្នាក់រៀន​ស្ដីពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​នៅក្នុង​ឱកាស​នោះ បណ្ឌិត លី សុខ​ឃាង បាន​ពិពណ៌នា​អំពី​រូបភាព​នៃ​រណ្ដៅ​សាកសព​រួម និង​បាន​ចាក់​បញ្ចាំង​កុន​ឯកសារ​ដែលមាន​ចំណងជើង​ថា «​កុមារ​កម្ពុជា​» ដើម្បី​ធ្វើជា​ប្រធានបទ​សម្រាប់​សិស្សានុសិស្ស​ពិភាក្សា​បន្ត​។ បណ្ឌិត លី សុខ​ឃាង បាន​រៀបរាប់ថា អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម និង​វិនាសកម្ម​គឺមាន​ទំហំធំធេង​ណាស់ ដូច្នេះ​ទាមទារ​ឲ្យ​រក​យុត្ដិធម៌​សម្រាប់​ប្រជាជន​កម្ពុជា តាមរយៈ​ការបង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចាប់ផ្តើម​ដំណើរការ​កាត់ក្តី​ដំបូង​នៅក្នុង​ឆ្នាំ​២០០៧​។ តុលាការ​កូនកាត់​នេះ រួមបញ្ចូល​ទាំង​ច្បាប់​ជាតិ និង​អន្ដរជាតិ ដើម្បី​ស្វែងរក​យុត្ដិធម៌​ដល់​ជនរងគ្រោះ និង​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ថា អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​មិនមែនជា​រឿងនិទាន​នោះទេ​។

​ខ្សែភាពយន្ត​ឯកសារ «​កុមារ​កម្ពុជា​» បានបង្ហាញ​ពី​ស្ថានភាព​ជីវិត​របស់​កុមារ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​។ ស្ថានភាព​ជីវិត​កុមារ​កម្ពុ​ជាមាន​ភាពខុស​ប្លែក​ទៅនឹង​កុមារ​ដទៃ ទៀត​ជុំវិញ​ពិភពលោក​។ ស្ថានភាព​នៃ​ការលូតលាស់​របស់​កុមារ​កម្ពុជា​បាន​បង្អាក់​ដោយ​ការអត់ឃ្លាន​, ខ្វះ​អនាម័យ និង​ខ្វះ​ភាពកក់ក្ដៅ​។ កុមារ​បង្ខំ​ចិ​ត្ដ​ធ្វើ​អ្វីៗ​ដើម្បី​រស់ដូចជា ហូប​ស្លឹកឈើ និង​ហូប​អាហារ​ដែល​ខ្វះ​អនាម័យ​។​

​នៅ​ចុងបញ្ចប់​នៃ​វេទិកា​ថ្នាក់រៀន បណ្ឌិត លី សុខ​ឃាង បាន​ចាក់​បញ្ចាំង​កុន​ឯកសារ​ដែលមាន​ចំណងជើង​ថា «​ខ្មែរ​បាត់បង់​តន្ដ្រី​រ៉ក់​»​។ ខ្សែភាពយន្ត​ឯកសារ​នេះ​បាន​រំ​ឮ​ក​ដល់​ការវិវត្ដន៍​នៃ​តន្ដ្រី​ខ្មែរ​ទៅតាម​សម័យកាល​នីមួយៗ​មិន​នឿយណាយ​។ តន្ដ្រី​បានបញ្ជាក់​ពី​ស្ថានភាព​ជីវិត​រស់នៅ​របស់​ប្រជាជន វប្បធម៌ និង​អត្ដ​សញ្ញាណ​ជាតិ បើទោះបីជា​សង្គម​ធ្លាក់​ទៅក្នុង​ស្ថានភាព​លំបាកយ៉ាងណា ក៏ដោយ​។
បន្ទាប់ពី​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​នេះ សិស្ស​ចំនួន​២​នាក់ មាន​ចំណាប់អារម្មណ៍ និង​ការយល់ឃើញ​ដូចខាងក្រោម​៖


សិស្ស​កំពុង​មើល​រូបថត​ជនរងគ្រោះ​នៅ​មន្ទីរ​ស​-២១ ដែលមាន​នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ស៊ិន ចំប៉ា ភេទ​ស្រី អាយុ​១៩​ឆ្នាំ យល់ឃើញថា ពេល​ខ្ញុំ​រៀនសូត្រ​ពី​ព្រឹ​ត្ដិ​ការណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​នៅក្នុង​របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​ការលំបាក គ្មាន​សិទ្ធិសេរីភាព ការខ្វះខាត​អាហារ​ហូបចុក និង​ការជិះជាន់​របស់​ខ្មែរក្រហម​ទៅលើ​ប្រជាជន​។ ប្រសិនបើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​កើតឡើង​ម្តងទៀត ខ្ញុំ​គិតថា វា​នឹង​បំផ្លាញ​សិទ្ធិសេរីភាព គ្មាន​ភាពកក់ក្ដៅ កង្វះខាត​ក្នុងការ​ហូបចុក និង​គ្មាន​ទីជម្រក​។ ក្នុងនាម​ខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ ខ្ញុំ​នឹងចូលរួម​ទប់ស្កាត់​ការកកើតឡើង​នូវ​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ក្មេងជំនាន់ក្រោយ​បានដឹង​អំពី​ផល​លំបាក ព្រមទាំង​ជំរុញ​ឲ្យ​យុវជន​យល់ដឹង​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរក្រហម​ឲ្យ​បានច្បាស់លាស់​។

​គង់ សម្បត្ដិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រៀបរាប់ថា នៅ​ក្នុងសម័យ​ខ្មែរក្រហម មានការ​សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ គ្មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​នូវ​គំនិត ថែមទាំង​មានការ​លុបបំបាត់​នូវ​ជនជាតិ ជាតិពន្ធុ ជាតិ​សាសន៍ ឬ​សាសនា​។ នៅពេល​រៀបការ បុគ្គល​ម្នាក់ៗ​គ្មាន​សិទ្ធិសេរីភាព​ក្នុងការ​ជ្រើសរើស​គូស្រករ និង​ការសម្រេច​ចិ​ត្ដ​ដោយ​ខ្លួនឯង គឺ​ស្ថិតនៅក្រោម​ការបង្ខិតបង្ខំ​។ ប្រសិនបើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នេះ​កើតឡើង​ម្តងទៀត ប្រទេសជាតិ​នឹង​ជួបប្រទះ​ភាពចលាចល ការបាត់បង់​សមាជិកគ្រួសារ ការសម្លាប់​គ្នា​ទៅវិញទៅមក បាត់បង់​អ្នកចេះដឹង និង​សាសនា​។ ខ្ញុំ​ចង់​ឲ្យ​ជា​យុវជន​ជំនាន់​ក្រោយ ចេះ​គោរព​គ្នា​ទៅវិញទៅមក ផ្តល់​តម្លៃ​ឲ្យ​គ្នា ចេះ​យោគយល់​គ្នា និង​យល់ដឹង​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ឲ្យ​បាន​ច្រើន​៕សរន​


សិស្សានុសិស្ស​កំពុង​មើល​រូបថត​ដាក់តាំង​នៅក្នុង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


សិស្សានុសិស្ស​និង​ក្រុមការងារ​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង ថតរូប​ជុំគ្នា​នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ស្ថិតនៅលើ​ភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


សិស្សានុសិស្ស​កំពុង​មើល​រូបថត​ដាក់តាំង​បង្ហាញ នៅក្នុង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ស្ថិតនៅលើ​ភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


សួត វិចិត្រ អ្នកស្រាវជ្រាវ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង កំពុង​រៀបរាប់​ពី​ទីតាំង​បូជាសព ប៉ុល ពត ទៅកាន់​សិស្សានុសិស្ស​។ (​មេក វិក​,​ហ៊ាន ពិសី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)