ដោយៈសុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទីបំផុត កីឡាការិនីប៉េតង់ ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ កីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១ ទល់ ២១ ពិន្ទុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ។

មានប្រទេសចំនួន៨ ដែលចូលរួមប្រកួតលើវិញ្ញាសាវាយយកពិន្ទុនេះ ក្នុងនោះគឺ មានកីឡាការិនីកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និង អាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ ហើយកីឡាការិនី ២រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងចាំ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ចំពោះកីឡាការិនី ៦រូបទៀត ត្រូវធ្វើការប្រកួតយក ២រូប មានពិន្ទុខ្ពស់ជាងគេ ឡើងទៅបង្គ្រប់ កៅអីវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ដែលត្រូវជួប កីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនី ដាណឺម៉ាក Katrine JUNGE ហើយកីឡាការិនី ម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០២១ របស់កម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ ក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរ ទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនីអាមេរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

នៅវគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អ ដោយបានយកឈ្នះពិន្ទុ ដាច់លើកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជា ម្ចាស់មេដាយមាស លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង។

បន្ទាប់ពីទទួលបានជោគជ័យ លើវិញ្ញាសាវាយយកពិន្ទុ អ៊ុក ស្រីមុំ នឹងត្រូវចាប់ដៃគូជាមួយ កីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួត លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ទៀត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ៕/V-PC