ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាសលើវិញ្ញា សាវាយយកពិន្ទុក្រោយឈ្នះកីឡាការិនីអាមេរិកដោយលទ្ធផល ៤១:២១ នៅការប្រកួតកីឡាពិភពលោក The World Games ឆ្នាំ ២០២២ នៅអាមេរិក។

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា៖«កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះ មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុនៃការប្រកួតកីឡាពិភព​លោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិកបន្ទាប់ពីយក ឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWEដោយលទ្ធផល ៤១-២១ពិន្ទុ នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ (ពេលវេលានៅកម្ពុជា)។

សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះគឺមានកីឡាការិនី ៨ ប្រទេសចូលរួមគឺមានកីឡាការិនីកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និង អាល្លឺម៉ង់ដោយប្រើរូបមន្ដ ប្រកួតវិលជុំហើយកីឡាការិនី ២រូបដែលមានពិន្ទុខ្ពស់ជាងគេនឹងត្រូវឡើងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ រីឯកីឡាការិនី ៦ រូបទៀតត្រូវធ្វើការប្រកួតយក២ រូបមានពិន្ទុខ្ពស់ ជាងគេឡើងទៅបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផលការប្រកួតសន្សំពិន្ទុកីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៣ ដែលត្រូវជួបកីឡាការិនីឈរលេខ ២ នៃជុំដំបូងគឺកីឡាការិនីដាណឺម៉ាក Katrine JUNGE ហើយវីរកីឡាការិនីម្ចាស់មេដាយមាសពិភពលោកឆ្នាំ ២០២១ របស់កម្ពុជារូបនេះធ្វើបានយ៉ាងល្អដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ ព្រ័ត្រដោយត្រូវជួបកីឡាការិនីអាមេរិកបន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះបានទម្លាក់កីឡាការិនីថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ក្នុងវគ្គផ្ដាច់ព្រ័ត្រកីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អដោយបានវាយកឈ្នះពិន្ទុដាច់លើកីឡាការិនីម្ចាស់ផ្ទះអាមេរិកRebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយ ជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារីនៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង។

បន្ទាប់ពីទទួលបានជោគជ័យលើវិញ្ញាសាវាយយកពិន្ទុអ៊ុកស្រីមុំនឹងត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើវិញ្ញាសាវាយគូរនារី ២នាក់ ទល់ ២នាក់ទៀត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ៕