​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ១២ ខែកក្កដា​ថា កូវី​ដ​១៩​នៅតែ​ជា​ភាពអាសន្ន​សកល នៅ​ពេល​ជិត ២,៥ ឆ្នាំ​បន្ទាប់ពី​វា​ត្រូវ​បាន​ប្រកាស​ជា​លើកដំបូង​។​

​គណៈកម្មាធិការ​គ្រាអាសន្ន ដែល​បង្កើតឡើង​ដោយ​អ្នកជំនាញ​ឯករាជ្យ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ករណី​ឆ្លង​ដែល​កំពុង​កើនឡើង ការវិវត្ត​នៃ​មេរោគ​និង​សម្ពាធ​លើ​សេវា​សុខភាព​​នៅក្នុង​ប្រទេស​មួយចំនួន មានន័យថា ស្ថានភាព​នៅតែ​ស្ថិត​ក្នុង​ភាពអាសន្ន​នៅឡើយ​។​

​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​បាន​និយាយថា ករណី​ឆ្លងកូវី​ដដែល​បាន​រាយការណ៍​ទៅ WHO បាន​កើនឡើង ៣០ ភាគរយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​ទោះបីជា​ការកើនឡើង​នៃ​ភាព​​ស៊ាំ​ក្នុងចំណោម​ប្រជាជន​ដែល​ភាគច្រើន​បាន​មក​ពី​វ៉ាក់សាំង បានឃើញ “​ការថយចុះ​យ៉ាងច្រើន​” នៃ​ករណី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ការស្លាប់​ដោយ​ជំងឺ​នេះ​។​

​អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​ពី​ទីក្រុង​ហ្សឺ​ណែវ​បន្ទាប់ពី​ការប្រកាស​នេះ​ថា “​កូវី​ដ​១៩​មិនទាន់​ចប់​នោះទេ​។​ខណៈ​នេះ មេរោគ​រុញ​​ពួកយើង យើង​ត្រូវ​រុញច្រាន​វិញ​”​។​

​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​បាន​ប្រកាស​ជា​លើកដំបូង​អំពី​កម្រិត​ប្រកាសអាសន្ន​ខ្ពស់​បំផុត​ដែល​គេ​ស្គាល់​ថា​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​គួរឱ្យ​ព្រួយបារម្ភ​ជា​អន្តរជាតិ​សម្រាប់​ជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០២០​។​

​ការប្រកាស​បែប​នេះ​អាច​ជួយ​ពន្លឿន​ការស្រាវជ្រាវ ការផ្តល់​មូលនិធិ និង​វិធានការ​សុខភាព​សាធារណៈ​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​ជំងឺ​៕

​ករណី​ដែល​បាន​រាយការណ៍​ទៅ WHO បាន​កើនឡើង ៣០ ភាគរយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​