ដោយៈ សុផល / ភ្នំពេញ​: ឆមាស​ទី​១ ឆ្នាំ​២០២២ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន (​លេខ​កម្ពុជា​) និង​ផ្លាកលេខ​ពិសេស (​រាជធានី​-​ខេត្ត​) បាន​ចំនួន ១៩.៧៦៦ លេខ ទទួលបាន​ចំណូល​ថវិកា​ប្រមាណ ៤០.៦៤១.១៨៧.៤០០ រៀល កើនឡើង ២៥% ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុង​រយៈពេល​ដូចគ្នា​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត ក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​វឌ្ឍនភាព​ការងារ​របស់ គណៈកម្មការ​អន្តរក្រសួង គ្រប់គ្រង​ការលក់ លេខ​ចុះបញ្ជី​រថយន្ត កាលពី​ថ្ងៃទី​១១ ខែកក្កដា​។​

​យោងតាម​របាយការណ៍​របស់ គណៈកម្មការ​អន្តរក្រសួង គ្រប់គ្រង​ការលក់​លេខ​ចុះ បញ្ជី​រថយន្ត បានឱ្យដឹងថាៈ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន (​លេខ​កម្ពុជា​) និង​ផ្លាកលេខ​ពិសេស (​រាជធានី​-​ខេត្ត​) សរុប​បាន​ចំនួន ១៩.៧៦៦ លេខ ទទួលបាន​ចំណូល​ថវិកា ប្រមាណ ៤០.៦៤១.១៨៧.៤០០ រៀល កើនឡើង ២៥% ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុងនោះ ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន (​លេខ​កម្ពុជា​) លក់បាន​ចំនួន ៣.២៧១ លេខ ទទួលបាន​ចំណូល​ថវិកា ប្រមាណ ២១.៣៦៥ ៤០៧.០០០ រៀល កើនឡើង​ចំនួន ១៨% និង​ផ្លាកលេខ​ពិសេស (​រាជធានី​-​ខេត្ត​) លក់បាន ១៦ .៤៩៥ លេខ ទទួលបាន​ចំណូល​ថវិកា ប្រមាណ ១៩.២៧៥.៧៨០.៤០០ កើនឡើង ៣២% ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុង​រយៈពេល​ដូចគ្នា​។​

​សូមបញ្ជាក់ថា អង្គប្រជុំ បាន​ផ្តោត​ការពិភាក្សា លើ​របាយការណ៍ ពាក់ព័ន្ធ​នឹង​សកម្មភាព ការងារ​របស់ អនុគណៈកម្មការ​កំណត់​តម្លៃ និង​រៀបចំ​ការលក់ ឬ​ដេញថ្លៃ និង​អនុគណៈកម្មការ ផ្សព្វផ្សាយ និង​ផ្ដល់ជំនួយ​បច្ចេកទេស និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ជជែក​ពិភាក្សា រិះរក​មធ្យោបាយ ធ្វើ​យ៉ាង​ឱ្យ​ការគ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន កាន់​តែមាន ភាពប្រសើរឡើង និង​អាចបំពេញ​តាម​តម្រូវការ​ចង់បាន​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​។

 

​ថ្លែង​ទៅកាន់​អង្គប្រជុំ នាឱកាស​នោះ លោកស្រី រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ ពី​ដំណើរ​វិវឌ្ឍន៍​ប្រកប ដោយ​ភាព​វិជ្ជមាន ចាប់តាំងពី​ការបង្កើត ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី រថយន្ត តាំងពី​ឆ្នាំ​២០១៦ រហូត​ឈានដល់​ការរៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ចុះបញ្ជី​លេខ ពិសេស​ផ្ទាល់ខ្លួន ដែលជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី គំនិត​បង្កើត​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្តល់​សេវាសាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ភាពសម្បូរ បែប ក្រោម​ការដឹកនាំ​របស់​លោក​ទេស​រដ្ឋ​ន្ត្រី ស៊ុន ចាន់ថុល​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី រដ្ឋលេខាធិការ ប្រធាន​អង្គប្រជុំ បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​សមាជិក សមាជិកា ផ្ដល់​មតិយោបល់ ក៏ដូចជា ធាតុ​ចូល​លើ​ការជ្រើសរើស​ប្រធានបទ សម្រាប់​កម្មវិធី MPWT Live Show ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី លេខ​ពិសេស​ផ្ទាល់ខ្លួន (​កម្ពុជា​) និង លេខ​ពិសេស​ចុះបញ្ជី​រថយន្ត គ្រួសារ និង​រថយន្ត ធុន​ស្រាល ដែល​កម្មវិធី​នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នាពេលខាងមុខ​៕/V​