ដោយ: សុខុម / ស្ទឹងត្រែង: មកដល់ពេលនេះ មុខម្ហូបត្រីប៉ាខឹម ចាត់ទុកថា ជាមុខម្ហូបដ៏ ពិសេសមួយ ប្រចាំខេត្តស្ទឹងត្រែង ដែលបងប្អូនខ្មែរឡាវ នៅតែពេញនិយមចូលចិត្ត ធ្វើទទួលទាន។ ជាពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ ស្រុកស្រែចំការ ធ្វើទទួលទានជាលក្ខណៈគ្រួសារ និងនៅសល់ខ្លះ យកទៅលក់នៅ ផ្សារខេត្តស្ទឹងត្រែង។
មុខម្ហូបត្រីប៉ាខឹម មានឈ្មោះជាភាសាឡាវ តែបើបកប្រែជាភាសាខ្មែរ មានន័យថា ត្រីប្រៃ ។ ប៉ាខឹម ឬ ត្រីប្រៃ គឺចាប់ផ្តើមធ្វើ នៅក្នុងខែឧសភា និងមិថុនា នារដូវវស្សា ចំពេលត្រីមានពង។ ត្រីប៉ាខឹម គេយកតែប្រភេទត្រីរៀលល្អិតប៉ុណ្ណោះ មកធ្វើ ហើយសាច់វា នៅស្រស់ៗល្អ ។ តែបើត្រីអន់សាច់វិញនោះ គេធ្វើមិនកើតទេ។
របៀបធ្វើប៉ាខឹម (ត្រីប្រៃ) ដំបូងគេយកត្រីស្រស់ៗ មកប្រឡាក់ជាមួយអំបិល ច្របល់ចូលគ្នា ឲ្យសព្វ ដើម្បីឲ្យវាចូលជាតិសាច់ត្រី កុំឱ្យហើមស្អុយ។ ដាក់រំដេងដំឲ្យទក់ខ្លះ ដើម្បីកាត់ក្លិនឆ្អាប។ បន្ទាប់មក គេយកទៅដាក់ក្នុងពាង ទុកឲ្យបានរយៈពេល ១៥ថ្ងៃ ឬលើសពីនេះ។ ក្រោយមកទៀត គេយកស្រូវលីងឲ្យឆ្អិនតិចៗ មកច្របល់ចូលគ្នាម្តងទៀត ដាក់ចូលក្នុងពាង, ធុងឬក្រឡ លុះបានរយៈពេល ១៥ថ្ងៃ ទៅ ៣០ថ្ងៃក្រោយ ទើបគេអាចបរិភោគបាន។
ពេលបរិភោគត្រីប្រៃ គេយកត្រីចេញពីក្នុងពាង មកបូតឱ្យជ្រុះគ្រាប់ស្រូវ ដែលគេបានលីង ច្របល់ចូលគ្នានោះ សម្អាតឱ្យជ្រះ ឬយកទៅលាងទឹក ដើម្បីកុំឱ្យវាប្រៃពេក។ អ្នកខ្លះ គេនិយមបកស្បែកស្រកាត្រីចេញ រួចដាក់ទៅក្នុងចាន ថែមគ្រឿងស្ករ ប៊ីចេង ម្ទេស ជី អាចទទួលទានបានហើយ។
ចំពោះតម្លៃវិញនោះ គេអាចលក់នៅផ្សារស្ទឹងត្រែង ក្នុង១គីឡូក្រាម ពី ២ម៉ឺន ទៅ ៣ម៉ឺនរៀល។ ត្រីប៉ាខឹម ឬត្រីប្រៃនេះ គេអាចទុកក្នុងក្រឡ បានរយៈពេល មួយឆ្នាំ មិនខូចទេ៕/V