ដោយ​: ពៅ​និមល / ភ្នំពេញ​: លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថាៈ គិត​មកដល់ពេលនេះ រូបវន្តបុគ្គល និង​នីតិបុគ្គល ធ្វើការ​ដាក់ពាក្យ​ស្នើសុំ លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​បន្ត​ពាណិជ្ជកម្ម ដោយ​ស្របច្បាប់ មាន​ចំនួន​សរុប​ប្រមាណ​ជិត ៧​ពាន់​ពាក្យ​។

​ក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​វិញ្ញាបនបត្រ​បណ្តុះបណ្តាល ស្តីពី​អាជីវកម្ម​បែប​ឌីជីថល សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម កាលពី​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ លោកស្រី រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី​៤ កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង លើ​វិស័យ​ទាំងអស់ បច្ចេកវិទ្យា​ឌីជីថល​ទាំងនោះ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ យ៉ាង​លឿន ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​គ្រប់​វិស័យ និង​ជាពិសេស វិស័យ​ធុរកិច្ច​ផងដែរ​។​

​លោកស្រី បាន​បន្តថាៈ អាជីវកម្ម​បែប​ឌីជីថល សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ពិតជា​នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ប​ច្ចេក​វិទ្យា​ឌីជីថល សម្រាប់​សហគ្រាស ធុន​មីក្រូ តូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​

​ក្នុងឱកាស​នោះ លោកស្រី បានបញ្ជាក់​បន្ថែមថាៈ បច្ចុប្បន្ន ក្រសួង​នៅតែ​បន្ត​ទទួល​ពាក្យ ស្នើសុំ​ដូចពេលមុនៗ ប៉ុន្តែ​ទៅ​ស្របតាម​នីតិវិធី បានកំណត់ ដូចជា សម្រាប់​នីតិបុគ្គល សាខា​ក្រុមហ៊ុន​បរទេស និង​សហគ្រាស​ឯកបុគ្គល ដែល​បានធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្រសួង ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ តែ​ត្រូវ​រង​ការផាកពិន័យ តាមច្បាប់​ជា​ធរមាន​។ ចំណែកឯ នីតិបុគ្គល សាខា​ក្រុមហ៊ុន​បរទេស និង​សហគ្រាស​ឯកបុគ្គល ដែល​ទើប​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ ឬ​មានបំណង​ធ្វើ​ប្រតិបត្តិការ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក អាចមក​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិន​រង​ការផាកពិន័យ​ឡើយ​។ ដោយឡែក រូបវន្តបុគ្គល ដែលមាន​ផលរបរ នៅក្រោម​កម្រិត​ផលរបរ ជា​អ្នក​ជាប់ពន្ធ​តូច អាច​បន្ត​ជូនដំណឹង មក​ក្រសួងពាណិជ្ជកម្ម ដើម្បី​អាច​ទទួលបាន​ការលើក​លែង មិន​តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ ឬក៏​បើ​រូបវន្តបុគ្គល​នោះ នៅ​ចង់​ទទួលបាន​លិខិតអនុញ្ញាត អាច​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ លិខិតអនុញ្ញាត​ពាណិជ្ជ​កម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិន​រង​ការផាកពិន័យ​ឡើយ​។

​លោក ប៉ិច បូ​ឡែ​ន ប្រធានស្តីទី​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បានលើកឡើង​ថាៈ ជាការ​កត់សម្គាល់ សមាគម​បាន​មើលឃើញ ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​ឌីជីថល ហើយ​បានដាក់​ជា​ទិសដៅ យុទ្ធសាស្ត្រ​ជា​អទិភាព និង​ជា​ចក្ខុវិស័យ​របស់​សមាគម ដែល​ចង់ឃើញ​ធុរៈកិច្ច​កម្ពុជា ជា​ធុរៈកិច្ច​ទំនើប​បែប​ឌីជីថល ជា​អាជីវកម្ម​បរិ​យា​ប័ន និង​ច្នៃប្រឌិត​ខ្ពស់ ដែល​អាច​ប្រកួតប្រជែង ក្នុង​ថ្នាក់​តំបន់ និង​អន្តរជាតិ​។​

​លោក​បាន​បន្តថាៈ អស់​រយៈពេល​ជាង ១៣​ឆ្នាំ ដែល​សមាគម បាន​បង្កើតឡើង និង​មានការ​រីកចម្រើន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទាំង​ចំនួន​សមាជិក និង​សកម្មភាព ក៏ដូចជា ការបង្កើត​កម្មវិធី ជាច្រើន ក្នុងការ​គាំ​ទ្រាំ និង​ពង្រឹង​វិស័យ​ធុរៈកិច្ច ជាពិសេស​សហគ្រិន វ័យក្មេង ដែលជា​ឆ្នឹង​ខ្នង​ដ៏​សំខាន់ របស់​សេដ្ឋកិច្ចជាតិ ដែល​មិនអាច​ខ្វះ​បាន ដែល​មកដល់ បច្ចុប្បន្ន សមាគម មាន​សមាជិក ចំនួន ៤៥០ ដែល​សុទ្ធតែជា​ម្ចាស់​អាជីវកម្ម នៃ​ក្រុមហ៊ុន ប្រមាណ​ជាង ៨០០ នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា កម្មវិធី​បណ្តុះបណ្តាល ស្តីពី​អាជីវកម្ម​បែប​ឌីជីថល សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម អនុវត្ត​ដោយ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ដោយមាន​ការគាំទ្រ ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា (UNDP Cambodia) នៅក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​ក្រសួងពាណិជ្ជកម្ម (MOC) និង​សហគ្រិន​ខ្មែរ (KE) ក្រោម​ការអនុវត្ត​ការផ្តួចផ្តើម​ថ្មី សំខាន់​មួយ នៃ​គម្រោង​ពង្រីក​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​កម្ពុជា (Go4eCAM) ជាមួយនឹង​ការ​ផ្តោតលើ​ជំនាញ និង​សហគ្រិនភាព សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក (SME eBiZnest) ដែល​ត្រូវ​បានផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ ដោយ​កម្មវិធី Enhance Integrated Framework (EIF) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​អស់​រយៈពេល ១២​ខែ ដែល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​អនុវត្ត​យ៉ាង​ជោគជ័យ និង​បានបញ្ចប់ កម្មវិធី​បណ្តុះបណ្តាល ទាំង​២​វគ្គ ទាំង​វគ្គ​ទី​១ និង​វគ្គ​ទី​២ (Cohort1 &Cohort2) ដែលមាន​សហគ្រិន​កម្ពុ​ជា​ចំនួន ១០១ នាក់ មកពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ទូទាំងប្រទេស បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល ស្តីពី​អាជីវកម្ម​បែប​ឌីជីថល សម្រាប់​សហគ្រាស ធុន​មីក្រូ​តូច និង​មធ្យម​នៅ​កម្ពុជា​។ តាមរយៈ​កម្មវិធី​នេះ សហគ្រិន បាន​ទទួលយក​បច្ចេក​វិទ្យា​ឌីជីថល ដែល​គាំទ្រ​ដល់​គំរូ​អាជីវកម្ម​របស់​ពួកគេ ជាពិសេស​ពី កម្មវិធី​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​បែប​ឌីជីថល ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រសិទ្ធភាព នៃ​ប្រតិបត្តិការ​អាជីវ​កម្ម ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង របស់ខ្លួន​ទាំង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​៕/V​