ដោយៈ ភ្នំសន្ទុក /កំពង់ធំៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានផ្ដល់អំណោយ មនុស្សធម៌ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់ អ្នកស្រុកបារាយណ៍ ដែលមានជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។
លោក ងួន រតនៈ ប្រធានកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ បានថ្លែងនាឱកាសនោះ ថាៈ ភូមិ ឃុំ ស្រុក ខេត្ត បានបង្កើតភ្នាក់ងារ ដើម្បីក្តាប់ និងផ្ដល់ព័ត៌មាន អំពីបញ្ហាផ្សេងៗ ទាក់ទងនឹងពលរដ្ឋងាយរងគ្រោះ ឬរងគ្រោះ ដោយអគ្គិភ័យ និងបញ្ហាផ្សេងៗ ជាពិសេស មេរោគកូវីដ១៩ ហើយកន្លងមក អាជ្ញាធរ កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង ណាស់ បញ្ហានេះ ។ ជាពិសេសទៀតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តែងតែ យកចិត្តទុកដាក់ខ្ពស់ ពីជីវភាពប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននានា និងឱ្យសាខានីមួយៗ យកចិត្ត ទុកដាក់ ឲ្យបានគ្រប់ច្រកល្ហក និងក្តាប់ព័ត៌មានណា ដែលបងប្អូនពលរដ្ឋ មានការលំបាក ជាពិសេសទាក់ទងនឹងជីវភាពប្រជាពលរដ្ឋ មិនអាចមើលរំលង បានឡើយ៕/V