ដោយៈ សុ​ក្ខា​រិ​ន / ពោធិ៍សាត់ៈ យុវជន​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ពីរ នាក់​ទៀត ជា​អ្នករួមដំណើរ​ជាមួយ បា​នេ​រងរបួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត បុក​ជាមួយ​ម៉ូតូ​នៅវេលា​ម៉ោង ១២​និង​២០​នាទី យប់​ថ្ងៃទី​១២ កក្កដា ២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥១ និង ១៥២ នៅខាងមុខ​វត្ត​នាគ​កួច ស្ថិតក្នុង​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ។​

​សមត្ថកិច្ច​នគ​បាល​ស្រុក​ក្រគ បានឱ្យដឹងថាៈ យុវជន​រងគ្រោះ ដែល​បាន​ស្លាប់​នៅនឹងកន្លែង កើតហេតុ មានឈ្មោះ ហូ ចាន់​ណេ​ត អាយុ ២១ ឆ្នាំ ។ ចំណែក​អ្នករួមដំណើរ​ជាមួយ ពីរ​នាក់ ឈ្មោះ ឃុំ សោ​ភ័​ណ្ឌ អាយុ ២៥ ឆ្នាំ រងរបួស​ស្រាល និង​ម្នាក់ទៀត ឈ្មោះ ឈឿន សៀ អាយុ ៣២ ឆ្នាំ រងរបួស​ធ្ងន់ ។ ទាំងបី​នាក់​នេះ មាន​លំនៅ នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាមួយគ្នា​។

​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ទៀតថាៈ មុនពេល​កើតហេតុ គឺ​រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ផ្លាកលេខ ភ្នំពេញ 2W.9360 បានធ្វើ​ចរាចរណ៍ ពី​ទិស​លិច ទៅ​កើត បើកបរ​ដោយ​ឈ្មោះ យ៉ាន់ តូ​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ អ្នកបើករថយន្ត បើក​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី NEX ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1FD 1475 ធ្វើ​ចរាចរណ៍ ពី​ទិសខាងកើត ទៅខាង​លិច ដែល​កំពុង​ជិះ​ឆ្លងថ្នល់ ប្ដូរ​គន្លង​ផ្លូវ បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ ឌុប​គ្នា​ទាំងបី​នាក់ ស្លាប់​នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​ស្រាល​តែម្ដង​។​

​ក្រោយពេល​កើតហេតុ អ្នកស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​គ្រួសារ នាំយកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ដោយឡែក អ្នករងរបួស​ទាំងពី​រ​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​

​អធិការ​នគ​បាល​ស្តីទី​ស្រុក​ក្រគ លោក​វរសេនីយ៍ទោ សារឿន សា​រ៉ាវុធ បានបញ្ជាក់​ឱ្យដឹង នៅ​វេ​ល​ម៉ោងជាង ១១ ព្រឹក​ថ្ងៃទី​១៣ កក្កដា នេះ​ថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​កត្តា​ល្បឿន ដែល​បង្កឡើង​ដោយ អ្នកបើកប​រថយន្ត និង​អ្នកបើកបរ​ម៉ូតូ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ដូចគ្នា ។

​លោក​បាន​បញ្ជាក់ទៀតថាៈ កម្លាំង​នគរបាល​ស្រុក បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត ហើយ បានប្រគល់​ទាំង​មនុស្ស ទាំង​វត្ថុតាង​រថយន្ត និង​ម៉ូតូ ឲ្យ​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​៕/V​