ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក គីម ជីង ហូ ( Kim Jin Ho )តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានដឹកនាំក្រុមការងារដើម្បីចុះទៅពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ស្ថិតនៅក្នុងបវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ។
លោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជម្រាបជូនប្រតិភូចុះពិនិត្យថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងខ្ពស់ ស្របពេលដែលអគារបច្ចុប្បន្ន ដែលទទួលការព្យាបាលស្តារកាយសម្បទា មានទំហំតូចចង្អៀតខ្លាំង និងមិនសូវមានសម្ភារទំនើប មិនសមស្របនឹងតម្រូវការ។ លោក ងី ម៉េង បន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ភាគច្រើនសុទ្ធតែប្រជាជនក្រីក្រ។
សូមជម្រាបថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ប្រភូនិងក្រុមកាងារសម្របសម្រួលនិងតំណាងអង្គការ Global Life Sharing របស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក សុខ សំណាង និង លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងលោក គីម ជីងហូ បានជួបពិភាក្សាជាមួយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិភាក្សាលើគម្រោងផ្តល់ជំនួយសាងសង់មជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះផងដែរ។
ក្នុងជំនួបនេះ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា លោកស្រីមានសេចក្តីត្រេកអរ និងស្វាគមន៍ចំពោះអង្គការ Global Life Sharing ដែលមានគ្រោងផ្តល់ជំនួយដល់កម្ពុជាក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ។ លោកជំទាវ ចាត់ទុកគម្រោងនេះថា មានសារសំខាន់បំផុតសម្រាប់ជួយប្រជាជនកម្ពុជា និងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយអង្គការ Global Life Sharing ក្នុងការអនុវត្តគម្រោងនេះ ឲ្យបានជោគជ័យ។
បើតាមលោក ជា ធីរិទ្ធ គម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនេះ ត្រូវបានទទួលការស្វាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសម្តេចលើកទឹកចិត្តឲ្យក្រុមការងារអនុវត្តគម្រោងនេះ បានជោគជ័យនិងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ផងដែរថា នៅដើមខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ លោក គីម ជុង ណាម ( Kim Jung Nam) នាយកផ្នែកសហប្រតិបត្តិការ នៃអង្គការ Global Life Sharing នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធភាពនៃព្រះរាជាណាចក្រកម្ពុជា និងមានការចុះហត្ថលេខាលើការផ្តល់ជំនួយរបស់ពេល ៥ ឆ្នាំ ដល់ព្រឹទ្ធកម្ពុជា ក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារផងដែរ។ ជាមួយគ្នានេះ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក គីម ក៏នឹងបញ្ជាក់ពីគម្រោងផ្តល់ជំនួយនៃការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ផងដែរ។
អង្គការ Global Life Sharing ជាអង្គការមនុស្សធម៌មួយ នៃប្រទេសកូរ៉េ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក៕