​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ​បានទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន នៃ​រដ្ឋធម្មនុញ្ញ សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាព ការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។

 

​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព របស់ លោក​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាព ការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​គួរ​បញ្ជាក់ថា “​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​” ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត​ទាំងស្រុង​៕​srn