ដោយ: សុផល/ភ្នំពេញ: ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២២ចំពោះក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវប្រញាប់រួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្ម។
សេចក្តីជូនដំណឹង បានឱ្យដឹងថា៖ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដែលផុតសុពលភាពត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជីនិងសុំអនុញ្ញាតធ្វើអាជីវកម្មស្របទៅតាមច្បាប់ជាធរមាននិងស្នើសុំអនុញ្ញាតបន្តសុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន។
ការចេញសេចក្តីជូនដំណឹងនេះ ដោយសារកន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា៖ មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារ ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន បាននិងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មាន លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាពប្រើប្រាស់។
ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិត អនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយមិនបានមកបំពេញបែបបទ ស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្តខាងលើនេះទេ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕