​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (CAMSOC) លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF Council) លើក​ទី​២ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា ភ្នំពេញ នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បានធ្វើការ​ប្ដេជ្ញាចិត្ត សម្រេច​ឲ្យ​បាន​នូវ​កាតព្វកិច្ច​សំខាន់ៗ​ចំនួន​៣ ក្នុង​ភាពជា​អ្នកដឹកនាំ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​ប៉ា​រ៉ា​ហ្គេម​។​

​លោក​បណ្ឌិត បាន​ប្ដេជ្ញាចិត្ត​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា ដែល​ត្រូវ​ដឹកនាំ​ចលនា​អូឡាំពិក ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ​២០២២-២០២៣ គោរព​តាម​ធម្មនុញ្ញ សហព័ន្ធ​កីឡា​អា​
​ស៊ី​អាគ្នេយ៍ ធម្មនុញ្ញ​អូឡាំពិក​អន្តរជាតិ ស្មារតី​កីឡា និង​គោលការណ៍ កីឡា​ស្អាតស្អំ -​កីឡា​បៃតង (Clean Sport – Green Sport) ឲ្យ​បាន​ខ្ជាប់ខ្ជួន កាន់តែ​ពិសេស នោះ លោក​បណ្ឌិត នឹង​ខិតខំ​សម្រេច​កាតព្វកិច្ច​សំខាន់ៗ ចំនួន​៣ ក្នុង​ភាពជា​អ្នកដឹកនាំ សម្រាប់​អាណត្តិ​របស់លោក​គឺៈ ១/​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ត្រចះត្រចង់​។ ២/​រក្សា​និរន្ត​ភាព​ចលនា​អូឡាំពិក​តំបន់ ដោយ​កំណត់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក ត្រូវធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម ឲ្យ​បាន ៣ លើក ជា​បន្តបន្ទាប់​។ ៣/​រក្សាបាន​ឯកភាព សាមគ្គីភាព មិត្តភាព និង​សុខដុម​នីយកម្ម​ការងា​រ ចលនា​អូឡាំពិក ក្នុង​រង្វង់​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា (APSF Coordination Meeting) និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF Council Meeting) បាន​ចាប់ដំណើរការ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា ភ្នំពេញ​៕/V​.mara