​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​កីឡាការិនី​កម្ពុជា អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយ​
​មាស ក្នុង​ព្រឹត្តិការណ៍ World Games 2022 នៅ​ថ្ងៃទី​១៣ កក្កដា ២០២២ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អបអរសាទរ ដល់​កីឡាការិនី​កម្ពុជា រូបនេះ ដែល​ឈ្នះ​មេដាយមាស ។​

​កីឡាការិនី​ប៉េតង់ ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះ​មេដាយមាស លើ​វិញ្ញាសា​
​វាយយក​ពិន្ទុ នៃ​ការប្រកួត​កីឡា​ពិភពលោក The World Games 2022 នៅ​ទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពី​យកឈ្នះ​កីឡាការិនី ម្ចាស់ផ្ទះ​អាមេរិក Rebeka HOWE ដោយ​លទ្ធផល ៤១​ទល់​២១​ពិន្ទុ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ (​ម៉ោង​នៅ​កម្ពុជា​)​។​

​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នេះ គឺមាន​កីឡាការិនី ៨ ប្រទេស​ចូលរួម គឺមាន​កីឡាការិនី​កម្ពុជា កាណាដា អាមេរិក ដា​ណឺ​មាក បារាំង ថៃ ប៊ែ​ល​ហ្សិ​ក និង អាល្លឺម៉ង់ ដោយ​ប្រើ​រូបមន្ដ ប្រកួត​វិលជុំ ហើយ​កីឡាការិនី ២​រូប ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹងត្រូវ​ឡើង ចាំ​នៅ​វគ្គ​ពាក់ កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ រីឯ​កីឡាការិនី ៦ រូប​ទៀត ត្រូវធ្វើ​ការប្រកួត​យក ២​រូប មាន​ពិន្ទុ​ខ្ពស់​ជាងគេ ឡើងទៅ​បង្គ្រប់​កៅអី វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ជា​លទ្ធផល​ការប្រកួត​សន្សំ​ពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ដែល​ត្រូវ​ជួប​កីឡាការិនី ឈរ​លេខ​២ នៃ​ជុំ​ដំបូង គឺ​កីឡាការិនី​ដា​ណឺ​ម៉ាក Katrine JUNGE ហើយ​វីរ​កីឡាការិនី ម្ចាស់​មេដាយមាស​ពិភពលោក ឆ្នាំ​២០២១ របស់​កម្ពុជា រូបនេះ ធ្វើបាន​យ៉ាង​ល្អ ដោយបាន​យកឈ្នះ ក្នុង​លទ្ធផល ៣៧​ទល់​២៣​ពិន្ទុ ដើម្បី​បន្ដដំណើរ ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​កីឡាការិនី​អាមេរិក បន្ទាប់ពី​កី​ឡ​ការិនី ម្ចាស់ផ្ទះ​នេះ បាន​ទម្លាក់​កីឡាការិនី​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។​

​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាការិនី​កម្ពុជា អ៊ុក ស្រីមុំ លេង​បាន​កាន់តែ​ល្អ ដោយបាន​វា​យកឈ្នះ ពិន្ទុ​ដាច់ លើ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Rebeka HOWE រហូតដល់ ៤១-២១​ពិន្ទុ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​នារី នៃ​ព្រឹត្តិការណ៍ The World Games 2022 នេះ​តែម្ដង​។​

​ពេលនេះ ទង់ជាតិ​កម្ពុជា បាន​ត្រូវ​បង្ហូត នៅលើ​ទឹកដី​សហរដ្ឋអាមេរិក តាមរយៈ​កីឡា តែម្ដង​ហើយ​៕/V​.mara