ដោយៈ សុ​ក្ខា​រិ​ន / ពោធិសាត់ៈ កំណាត់​ផ្លូវជាតិ​លេខ​៥៥ បាក់​ដី​ធ្លាក់​គ្រប​ផ្លូវ ត្រង់ចំណុច​ភ្នំ ១៥០០ ត្រូវបាន​បើក​ឱ្យ​ដំណើរការ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៣ កក្កដា ២០២២ នេះ​បើតាម​ការឱ្យ​ដឹង ពី​អធិការ​នគ​បាល ស្រុក​វាលវែង លោក​វរសេនីយ៍ឯក ធាង ឡេង ។​

​អធិការ​នគ​បាល​ស្រុក​វាលវែង បានឱ្យដឹង​ទៀតថាៈ លោក ស ថេ​ង ស្នងការ​នគ​បាល ខេត្តពោធិសាត់ និង​លោក កាង ប៉េង​ហាក់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត រួម​នឹង​សហការី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ពី​ស្ថានភាព​កំណត់​ផ្លូវជាតិ​លេខ ៥៥ ត្រង់ចំណុច ភ្នំ​១៥០០ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៤១ និង ១៤២ ដែល​ត្រូវបាន​ភ្លៀង​ហូរ​ច្រោះ បណ្ដាល​ឲ្យ​បាក់​ដី ធ្លាក់​លើផ្លូវ នៅ​យប់​ថ្ងៃទី​១២ កក្កដា ម្សិលមិញ ខណៈដែល​ការ​ចរាចរ ទៅមក មានការ​លំបាក ។​

​ជាក់ស្តែង នៅវេលា​ម៉ោង ៨ យប់​ថ្ងៃទី​១២ កក្កដា ម្សិលមិញ ធ្វើឱ្យ​ដីភ្នំ បាក់​គ្រប​ជិត​លើផ្លូវ ត្រង់ចំណុច​ខាងលើ គ្រា​ដែល​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង និង​មានការ​អន្តរាគមន៍​ប​ន្ទា​ន់ ទាំងយប់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ហេង អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ចិត្តសាស្ត្រ​យោធា នៃ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មដា និង​យក​គ្រឿងចក្រ មក​រុញ​ដី ដែល​បាក់​នោះ ចេញពី​ផ្លូវ​រួចរាល់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ចរាចរណ៍​ទៅមក ជាធម្មតា តាំងពី​វេលាយប់ មកម្ល៉េះ​។​

​ក្នុង​វេលា​នោះដែរ លោក កាង ប៉េង​ហាក់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តពោធិសាត់ បាន​ប្រាប់​ឲ្យ​ដឹងថាៈ លោក​នឹង​យក​គ្រឿងចក្រ មក​ដឹកជញ្ជូន​អាចម៍ដី យក​ចេញពី​ផ្លូវ​ឲ្យ​អស់ និង​សំអាត​ផ្លូវ​ឲ្យ​បាន​ស្អាត ល្អ​ឡើងវិញ​ផងដែរ ។​

​ដោយឡែក ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង បាន​មាន ប្រសាសន៍ ទៅកាន់​សមត្ថកិច្ច ពិសេស​នគរបាល​ស្រុក​វាលវែង ជាបន្ទាន់​ថា រាល់​សភាព ការណ៍​កើតឡើង ដូច​ករណី​ខាងលើនេះ ត្រូវ​រាយការណ៍​ជាបន្ទាន់ ទៅ​ចំណុច​ខ្ពស់​ខាងលើ និង​ខាងក្រោម ដើម្បី​ធ្វើការ​ទប់ស្កាត់​ចរាចរណ៍ ទៅមក​របស់​បងប្អូន​ប្រជាពលរដ្ឋ វាង​ខ្លាច​មាន បញ្ហា​គ្រោះថ្នាក់​ណាមួយ កើតឡើង​ជាយថាហេតុ ។​

​ក្នុងនោះដែរ ស្នងការ​នគរបាល ខេត្តពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នៅ​ចំណុច​ខាងលើនេះ ដែល​បាន​ព្យាយាម​ទាំងយប់ ក្នុងស្ថានភាព​ភ្លៀង កំពុង​ធ្លាក់​ខ្លាំង ធ្វើការ​ឈូសឆាយ យក​គំនរ​ដីភ្នំ ចេញពី​ផ្លូវ និង​បាន​ដាក់ឱ្យ ដំណើរការ​ទៅមក​របស់​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ​៕/V​.mara