ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក វណ្ណ សុមុន្នី អភិបាលរង រួមនឹងមន្ត្រីអមដំណើរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ចំនួន ២ គឺវត្តប្រាសាទ និងវត្តពោធិ៍រង្សី ស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោក លឹម សៀងហេង បានមានប្រសាសន៍ថាៈ ការប្រារព្ធពិធីនេះបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារ វិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ ពាន់ ព្រះវស្សា តាមពុទ្ធប្បញ្ញត្តិ ។
ក្រៅពីការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ លោក លឹម សៀងហេង អភិបាលក្រុងបាវិត
ក៏បានប្រគេនបច្ច័យចូលបុណ្យទាំង ២វត្ត ក្នុងមួយវត្ត ចំនួន ១.២០០.០០០ រៀល និងប្រគេនព្រះសង្ឃ ចំនួន១៨អង្គ ក្នុងមួយអង្គ បច្ច័យ ៣ មុឺនរៀល ៕/V.mara