​ដោយ: សុផល​/​ភ្នំពេញ​: ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក ដា​នី​ញែ​ល គ្រី​ស្ទិ​ន​ប្រ៊ិ​ន ( Daniel J. Kritenbrink) លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ផា​ទ្រិ​ក ម័​ហ្វី ( W. Patrick Murphy) និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បានធ្វើ​ការអបអរ​កា​រប​ញ្ចូ​ន​វត្ថុ​បុរាណ​ដែល ត្រូវបាន​លួច​ចេញ​ចំនួន ២៧​ដុំ ត្រឡប់មក​កម្ពុជា​វិញ នៅក្នុង​ពិធី​មួយ​នៅ​សា​រម​នី្ទ​រ​ជាតិ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​នេះ​។​

​លោក​ឧបការី​រដ្ឋមន្ត្រី បាន​ថ្លែង​សង្កត់ធ្ងន់​ពី​អនុស្សារណ​យោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង សហរដ្ឋអាមេរិក ដែល​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដោយ​សម​ប សម្រួលការ​បញ្ជូន​ត្រឡប់មកវិញ នូវ​វត្ថុ​បុរាណ​មិនអាច​កាត់ថ្លៃ​បាន​ចំនួន​ជាង ១០០​ដុំ កសាង​សមត្ថភាព​របស់​ប្រជា ជនកម្ពុជា​ដែល​ធ្វើ​ការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។ លោក ថែមទាំង​បាន​សរសើរ​ដល់​ការខិតខំ​រួមគ្នា របស់​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក ផ្នែក​អនុវត្ត​ច្បាប់ មេធាវី​ប្រចាំ​តំបន់ មេន​ហា​តាន់ ( Manhattan) ក្រសួង​វប្បធម៌​កម្ពុជា និង ស្ថានទូត​អាមេរិក ដែល​បាន​នាំ​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​វត្ថុ​បុរាណ​ចំនួន ២៧ ដុំ​នេះ​។​

​លោក បាន​មានប្រសាសន៍ថា​៖ “​ពិធី​នៅថ្ងៃនេះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រឹងមាំ រវាង​សហ រដ្ឋ​អាមេរិក និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ គម្រោង​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក ដូចជា​មូលនិធិ ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ ស្ដែង​ឲ្យ​ឃើញ​នូវ​ការគាំទ្រ​យូរអង្វែង​របស់​យើង ចំពោះ​ការជួសជុល​ទីតាំង ប្រវត្តិសាស្ត្រ ដែលមាន​សារសំខាន់​ផ្នែក​វប្បធម៌​សម្រាប់​ប្រទេស​កម្ពុជា​”​។​

​នៅក្នុង​ពិធី​នោះដែរ លោក​ឯកអគ្គរដ្ឋទូត ម័​ហ្វី បានប្រកាស​ពី​អំណោយ​ថវិកា​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ ដែលមាន​ទឹកប្រាក់​ចំនួន ៣៦០ ៨០០​ដុល្លារ សម្រាប់ ជួសជុល​ប្រាសាទព្រះវិហារ​។ នេះ​ជា​អំណោយ​បន្ថែម​លើ​ថវិកា​ចំនួន ៤០៦ ០០០​ដុល្លារ ដែល​ត្រូវ​បានផ្ដល់​រួចហើយ ដោយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក សម្រាប់​អភិរក្ស​ប្រាសាទ​ប្រវត្តិសាស្ត្រ​នេះ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍ថា “​សហរដ្ឋអាមេរិក​មាន​មោទនភាព​ចំពោះ​ការរួមចំណែក​របស់ខ្លួន​ចំពោះ​ការខិតខំ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា និង​ចំពោះ​ការខិតខំ​រួមគ្នា​របស់​យើង ក្នុង ការបញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​ដែល​មិនអាច​កាត់ថ្លៃ​បាន ពី​សហរដ្ឋអាមេរិក​”​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បាន​ថ្លែងថា “​យើង​សូម​ថ្លែងអំណរគុណ​ដោយស្មោះ ចំពោះ​ការរួមចំណែក​របស់រ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក ទាំង​ពេលវេលា ទាំង​ធនធាន នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​ដោយ​ខុសច្បាប់ នូវ​សម្បត្តិ​វប្បធម៌​។ យើង​រីករាយ​នឹង​បន្ត​កិច្ច សហប្រតិបត្តិការ នៅក្នុង​ការស៊ើបអង្កេត និង​ការខិតខំ​របស់​យើង ការបណ្ដុះបណ្តាល និង​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្ន ហើយ​និង​ជំនាញ ក្នុងពេលដែល​យើង​រកឃើញ​វិញ នូវ​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​ជាតិ​យើង​”​។​

​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិកា​ចំនួន​ជាង ៥ លាន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ ២០០១ មក សម្រាប់​ការងារ​អភិរក្ស​វប្បធម៌ ដែល​ក្នុងនោះ រួមមាន​ជាង ៣,៥ លាន​ដុល្លារ​សម្រាប់​អភិរក្ស​និង​ជួសជុល​ប្រាសាទភ្នំ បាក់​ខែង នៅ​ខេត្តសៀមរាប និង​សម្រាប់​ជួយ​ដល់​សារមន្ទីរ​ទួលស្លែង​៕​