ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រេងឆៅនៅថ្ងៃពុធទី១៣កក្កដានេះ បានឡើងបន្តិចវិញនៅមួយថ្ងៃបន្ទាប់ពីវាបានធ្លាក់ចុះក្រោម១០០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែមេសា តែកំណើនមានកំរិតដោយសារតែទីផ្សារមានការប្រយ័ត្នប្រយែងនៅមុនការបញ្ចេញទិន្នន័យអតិផរណារបស់អាម៉េរិក ។
ប្រេងឆៅផ្សារអាស៊ីបានឡើង៤៥សេន ដល់ថ្លៃ៩៩,៩៧ដុល្លារក្នុងមួយបារ៉ែលនៅពេលប្រេងផ្សារអាម៉េរិកឡើង៤៤សេនដល់៩៥,២៧ដុល្លារក្នុងមួយធុងបារ៉ែល។
ពួកអ្នកវិនិយោគបានលក់ចេញស្តុកប្រេងរបស់ខ្លួនដោយសារតែបារម្ភថា ការដំឡើងអត្រាកាប្រាក់យ៉ាងគំហ៊ុកនៅអាម៉េរិកដើម្បីទប់អតិផរណានឹងកាន់តែពន្យឺតសកម្មភាពសេដ្ឋកិច្ចនិងប៉ះពាល់តំរូវការប្រេង។កាលពីថ្ងៃអង្គារ ប្រេងធ្លាក់ថ្លៃជាង៧ដុល្លារក្នុងមួយបារ៉ែល។
ការព្រួយបារម្ភមួយទៀតគែថា ការដំឡើងអត្រាការប្រាក់នៅអាម៉េរិកនឹងរុញអោយប្រាក់ដុល្លារឡើងថ្លៃ ដែលក៏ប៉ះពាល់តំលៃប្រេងផងដែរ។
សូមបញ្ជាក់ថា ថ្លៃប្រេងជាទូទៅកំណត់ជាប្រាក់ដុល្លារ ដូច្នេះនៅពេលដុល្លារឡើងថ្លៃ វាធ្វើអោយទំនិញនេះកាន់តែថ្លៃសំរាប់អ្នកកាន់រូបិយបណ្ណដទៃទៀត ដែលវាដាក់សម្ពាធលើសេចក្តីត្រូវការ។
ប្រេងឆៅធ្លាក់ចុះជាង៧ដុល្លារកាលពីថ្ងៃអង្គារមកនៅក្រោម១០០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលបីខែមកនេះ ចំពេលដុល្លារឡើងថ្លៃ ការទប់ស្កាត់កូវីដ១៩នៅក្នុងប្រទេសប្រើប្រេងធំបំផុត(ចិន) និងការបារម្ភអំពីការដើរថយក្រោយនៃសេដ្ឋកិច្ចសកល
សូមបញ្ជាក់ថា ចាប់តាំងពីបានឡើងដល់កំពូលកាលពីខែមីនា ប្រេងឆៅបានធ្លាក់ចុះអស់២៧ទៅ២៩ភាគរយមកទល់ពេលនេះ។
ដេននីស គីសលឺ(Dennis Kissler)មន្ត្រីនៅក្រុមហ៊ុនហិរញ្ញវត្ថុBOK Financialបាននិយាយថា ថ្លៃប្រេងកំពុងប្រឈមសម្ពាធពីការផ្ទុះកូវីដ១៩នៅចិន ដុល្លារឡើងថ្លៃនិងការព្រួយបារម្ភអំពីការដើរថយក្រោយនៃសេដ្ឋកិច្ចសកល៕