ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីថ្ងៃពុធទី១៣កក្កដា ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសបានជិះយន្តហោះទៅកាន់ប្រទេសម៉ាល់ឌីវ បន្ទាប់ពីមានការតវ៉ាយ៉ាងទូលំទូលាយជាច្រើនខែប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច។
ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានសន្យាកាលពីចុងសប្តាហ៍ថានឹងលាលែងពីតំណែងនៅថ្ងៃពុធនិងត្រួសត្រាយផ្លូវសម្រាប់ “ការផ្ទេរអំណាចដោយសន្តិវិធី” បន្ទាប់ពីបានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់គាត់នៅទីក្រុងកូឡុំបូ មុនពេលបាតុកររាប់ម៉ឺននាក់សម្រុកចូលលំនៅដ្ឋាន។
ក្នុងនាមជាប្រធានាធិបតី លោករ៉ាចាប៉ាក់សាទទួលបានអភ័យឯកសិទ្ធិពីការចាប់ខ្លួន ហើយគេជឿថាគាត់ចង់ទៅក្រៅប្រទេស មុនពេលចុះចេញពីតំណែងដើម្បីចៀសវាងលទ្ធភាពនៃការឃុំខ្លួន។
ប្រភពអន្តោប្រវេសន៍បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់ ប្រពន្ធគាត់ និងអង្គរក្សពីរនាក់ គឺជាអ្នកដំណើរបួននាក់នៅលើយន្តហោះយោធា Antonov-32ដែលបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ស្រីលង្កា។
ប៉ុន្មានម៉ោងក្រោយមក ដោយមិនមានការប្រកាសជាផ្លូវការថាលោកនឹងចុះចេញពីតំណែង បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក រ៉ានីល វីក្រេមេស៊ីង (Ranil Wickremesinghe) ដែលនឹងក្លាយជាប្រធានាធិបតីស្តីទីដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍នៃការលាលែងពីតំណែង ដោយទាមទារឱ្យមន្ត្រីការិយាល័យទាំងពីរចាកចេញទៅ។
ពួកគេបានស្រែកថា “ទៅផ្ទះទៅរ៉ានីល ទៅផ្ទះទៅហ្គោតា”។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរារាំងពួកគេកុំឱ្យលុកលុយក្នុងបរិវេណការិយាល័យនាយករដ្ឋមន្ត្រី ហើយក្រុមមន្ត្រីបានប្រកាសស្ថានភាពអាសន្នទូទាំងប្រទេស “ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងប្រទេស”។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា ប៉ូលិសបានដាក់បម្រាមគោចរគ្មានកាលកំណត់នៅទូទាំងខេត្តភាគខាងលិច ដែលរួមមានទាំងទីក្រុងកូឡុំបូ “ដើម្បីទល់ទល់នឹងស្ថានការណ៍”។
លោកវីក្រេមេស៊ីងបានប្រកាសពីឆន្ទៈក្នុងការលាលែងពីតំណែង ប្រសិនបើការឯកភាពគ្នាត្រូវបានសម្រេចដើម្បីបង្កើតរដ្ឋាភិបាលឯកភាពមួយ។
ការិយាល័យរបស់គាត់បានបញ្ជាក់កាលពីថ្ងៃពុធថា លោករ៉ាចាប៉ាក់សាបានចាកចេញពីប្រទេស ប៉ុន្តែនិយាយថាមិនមានកាលវិភាគសម្រាប់ការប្រកាសលាលែងពីតំណែងណាមួយនោះទេ។
ដំណើរការស្នងតំណែងពីប្រធានាធិបតីអាចចំណាយពេលចន្លោះពីបីថ្ងៃ ដែលជាពេលវេលាអប្បបរមាត្រូវការចាំបាច់សម្រាប់សភាដើម្បីជ្រើសរើសសមាជិកសភាមួយរូបដើម្បីបម្រើអាណត្តិសេសសល់របស់លោករ៉ាចាប៉ាក់សា ដែលនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២៤ និងរយៈពេលអតិបរមា ៣០ ថ្ងៃ ដែលត្រូវបានអនុញ្ញាតនៅក្រោមលក្ខន្តិកៈនៃច្បាប់៕
បាតុករតវ៉ាទូទាំងប្រទេសជុំវិញវិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា
ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ភៀសខ្លួនទៅម៉ាល់ឌីវកាលពីដើមថ្ងៃពុធ