ដោយៈ ប.ខុន/ភ្នំពេញៈ ភ្លៀងធ្លាក់ច្រើនជាប់គ្នាពីរបីថ្ងៃមកនេះ បានធ្វើឱ្យតំបន់មួយចំនួននៅក្នុងខេត្តចំនួនប្រាំរងការលិចលង់ដោយជំនន់ទឹកភ្លៀង តែវាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ទេ និងនៅកន្លែងខ្លះទឹកបានស្រកអស់ទៅវិញ។ ស្ថានភ្លៀងធ្លាក់ជោកជាំវានឹងធូរស្រាលបន្តិចទៅវិញនៅថ្ងៃទី១៤ ខែកក្កដា ក្រោយពីប្រព័ន្ធសម្ពាធទាបបានរំកឹលឡើងទៅលើ (ជើង) នាំឱ្យបន្តមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើ និងធ្វើឱ្យទឹកទន្លេមេគង្គងើបឡើងជាលំដាប់។
លោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ថា ភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃជាប់គ្នាមកនេះបានបង្កឱ្យមានជំនន់ទឹកភ្លៀងកើតមានឡើងនៅក្នុងភូមិសាស្ត្រមួយចំនួនរបស់ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ឧត្តរមានជ័យ មណ្ឌលគិរី តែមិនមានប៉ះពាល់ធ្ងន់ធ្ងរទេ ហើយនៅកន្លែងខ្លះទឹកក៏បានស្រកអស់វិញហើយដែរ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាភ្លៀងធ្លាក់ជោគជាំនៅបន្តមានលើបណ្តាខេត្តជាប់មាត់សមុទ្រ និងតំបន់ខ្ពង់រាបរហូតដល់ថ្ងៃទី១៤ ខែកក្កដា ទើបចុះខ្សោយបន្តិចទៅវិញ ទាំងភ្លៀង និងខ្យល់ បន្ទាប់ពីប្រព័ន្ធសម្ពាធបានរំកឹលឡើងទៅលើ (ជើង)បន្តិចវិញ ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើ ធ្វើឱ្យទឹកទន្លេមេគង្គចាប់ផ្តើមងើបឡើងជាលំដាប់។ ឯផ្លូវជាតិលេខ៤ដែលមានទឹកលិចមួយរយៈនាំឱ្យផ្អាកចរាចរឆ្លងកាត់បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេល២៤ម៉ោងដល់កម្រិត១៩២មីលីម៉ែត្រនៅស្រុកកំពង់សីលារួចមក តែនៅព្រឹកថ្ងៃទី១៣ ខែកក្កដា បានស្រកទៅវិញអស់ហើយ។
របាយទឹកភ្លៀងធ្លាក់រយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដានៅខេត្តព្រះសីហនុមានកម្រិតពី៩៦ដល់១៩២មីលីម៉ែត្រ, ខេត្តកែបមានកម្រិតពី៨៦ដល់១១៨មីលីម៉ែត្រ, ខេត្តកំពង់ចាមមានកម្រិតពី១០ដល់៥៣មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំមានកម្រិតពី៦ដល់៨៦មីលីម៉ែត្រ, ខេត្តមណ្ឌលគិរីមានកម្រិតពី១៥ដល់៨១មីលីម៉ែត្រ, ខេត្តកំពត មានកម្រិតពី១៧ដល់១២៣មីលីម៉ែត្រ, ខេត្តតាកែវមានកម្រិតពី៩ដល់៥២មីលីម៉ែត្រ, ខេត្តព្រៃវែងមានកម្រិតពីតិចដល់៤០មីលីម៉ែត្រ, ខេត្តស្វាយរៀងមានកម្រិតពីតិចដល់៣១មីលីម៉ែត្រ, ខេត្តពោធិសាត់មានកម្រិតពី៥ដល់៧៧មីលីម៉ែត្រ, ខេត្តក្រចេះមានកកម្រិតពីតិចដល់៥៤មីលីម៉ែត្រ, ខេត្តប៉ៃលិនមានកម្រិតពី៦ដល់១២មីលីម៉ែត្រ, ខេត្តស្ទឹងត្រែងមានកម្រិតពី២៣ដល់១៤៦មីលីម៉ែត្រ, ខេត្តកណ្តាលមានកម្រិតពី៦ដល់៣២មីលីម៉ែត្រ, ខេត្តបាត់ដំបងមានកម្រិតពី២ដល់១៥មីលីម៉ែត្រ, ខេត្តកំពង់ស្ពឺមានកម្រិតពីតិចដល់៨៥មីលីម៉ែត្រ, ខេត្តឧត្តរមានជ័យមានកម្រិតពី២៤ដល់១៣០មីលីម៉ែត្រ, ខេត្តរតនគិរីមានកម្រិតពីតិចដល់៦១មីលីម៉ែត្រ, ខេត្តកោះកុងមានកម្រិតពី៤២ដល់១២៥មីលីម៉ែត្រ, ខេត្តកំពង់ធំមានកម្រិតពី៥ដល់៨៥មីលីម៉ែត្រ, ខេត្តបន្ទាយមានជ័យមានកម្រិតពី៤ដល់២៨មីលីម៉ែត្រ, ខេត្តកំពុងឆ្នាំងមានកម្រិតពី១៤ដល់៨២មីលីម៉ែត្រ, ខេត្តសៀមរាបមានកម្រិតពី១០ដល់៧៦មីលីម៉ែត្រ, ខេត្តព្រះវិមានកម្រិតពី៥ដល់៣៧មីលីម៉ែត្រ និង នៅរាជធានីភ្នំពេញមានកម្រិតពី៤៣២មីលីម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា
ថាព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងមួយសប្តាហ៍នេះទទួលឥទ្ធិពលជាបន្តបន្ទាប់ដោយនៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ពីថ្ងៃទី១៥ ដល់១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។
ក្នុងសេចក្តីដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៣ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៣ទៅ៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដង រែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣១ទៅ៣៣ អង្សាសេ។ នៅថ្ងៃទី១៣និង១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ នៅអំឡុងពីថ្ងៃទី១៥ដល់១៩ ខែកក្កដា នឹងអាចមានភ្លៀងពីតិចទៅមធ្យម ៕