ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា​គិត​ត្រឹម​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​នេះ មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ចំនួន ៥​នាក់ បន្ថែមទៀត ក្នុងចំណោម​អតីត​បុគ្គលិក ដែល​មិនទាន់​ឯកភាព​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា បានមក​ទទួលយក​ដំណោះស្រាយ តាមរយៈ​ការធ្វើ​លិខិត​ព្រមព្រៀង​ទទួលយក​ប្រាក់​បំណាច់​ប​ញ្ច​ប់​កិច្ចសន្យាការងារ​ពី​ក្រុមហ៊ុន​រួចហើយ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា​គិត​សរុប​មកដល់​ថ្ងៃនេះ មាន​អតីត​បុគ្គលិក​សរុប​ចំនួន ២១០​រូប ក្នុងចំណោម ៣៧៣​រូប បាន​យល់ព្រម​ទទួលយក​ការ ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក​ដែល​មិន​ព្រម ទទួលយក​សំណង​នៅសល់​ត្រឹម ១៦៣​រូប​។​

​ក្រសួង​ការងារ​បានឱ្យដឹង​បន្ថែមថា កន្លងមក​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ហើយ​ពិនិត្យឃើញថា ការទូទាត់​ចំនួន ៤​ចំណុច បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការបញ្ឈប់​ពី​ការងារ​រួម​៕