ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការកាលពីព្រឹកថ្ងៃពុធទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តនេះ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព បានអញ្ជើញទទួលជួបប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងអូស្ត្រាលី និងខេត្តបន្ទាយមានជ័យជាមួយលោក ធីម ភែធ័រសុន (Mr Tim Paterson) លេខាទី១នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
លោកអ៊ុ រាត្រី លើកឡើងពីស្ថានភាពភូមិសាស្ត្រ សក្តានុពលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការជាមួយពហុភាគី ឯកត្តោភាគីមិត្តបរទេស និងដៃគូអភិវឌ្ឍន៍ (អង្គការ សមាគម ផ្នែកឯកជន បុគ្គលសប្បុរសជននានាកន្លងមក។
ក្នុងនោះ ក៏មានប្រទេសអូស្ត្រាលី ដែលជួយដល់ពេទ្យភ្នែកនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីតាមរយៈអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) លើវិស័យបោសសម្អាតមីន និងជួយពលរដ្ឋ លើវិស័យអប់រំជាដើម ។
លោក ធីម ភែធ័រសុន (Mr Tim Paterson) លេខាទី១នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្លែងថា ប្រទេសនិងស្ថានទូតអូស្ត្រាលីបាននឹងកំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើច្រើនវិស័យ។ ដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ ស្ថានទូតបាននឹងកំពុងពិនិត្យលើផ្នែកមួយចំនួនដើម្បីបន្ត និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីដោយផ្ទាល់៕