ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រទេស​កម្ពុជា អាច​ទទួលបាន​សន្តិភាព ពេញលេញ ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី ដូច​សព្វថ្ងៃនេះ ក៏​ដោយសារ​ការដឹកនាំ​ប្រកបដោយ​ធម៌​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលជា​គោលនយោបាយ ផ្អែកលើ​គោលការណ៍​គុណធម៌ មនុស្សធម៌ ការចែករំលែក និង​ការទុកចិត្ត​គ្នា ទៅវិញទៅមក ដោយ​ធ្វើយ៉ាងណា រក្សា​ការពារ ឱ្យបាន​នូវ​អាយុជីវិត ទ្រព្យសម្បត្តិ និង​មុខរបរ​ការងារ​របស់ ខ្មែរ​គ្រប់រូប គ្រប់​និន្នាការ ដោយ​មិនមាន​ការរើសអើង​បែងចែក​។

​នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី ប្រកាស​ព្រះរាជ ប្រកាស​នី​យ​ប័ត្រ តែងតាំង​ព្រះគ្រូ​អនុគណ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​សម្ពោធ​សមិទ្ធផល នានា ក្នុង​វត្ត​មង្គល​មាន​លក្ខណ៍ ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ សន្តិភាព​ដ៏​ពេញលេញ និង​សេចក្តីសុខ​សាន្តត្រាណ ក្នុង​រយៈពេល​ជិត ២៤​ឆ្នាំ មកនេះ អាច​នឹង​រលាយ​បាត់បង់​ទៅវិញ យ៉ាង​ឆាប់រហ័ស ក្នុង​មួយប៉ប្រិចភ្នែក ប្រសិន​បើសិន​គ្មាន​ការចូលរួម ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ និង​ការប្តេជ្ញាចិត្ត​ដ៏​ច្បាស់លាស់​របស់ ប្រមុខ​ថ្នាក់ដឹកនាំ ក្នុង​ការបន្ត​ថែរក្សា ការពារ​សន្តិភាព ស្ថិរភាព​ឱ្យបាន​ដាច់ខាត ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​។ គ្មាន​អ្នកណា ស្រលាញ់​ខ្មែរ ការពារ​ខ្មែរ ជាង​ខ្មែរ​ខ្លួន​យើង​នោះទេ ដូច្នេះ​ខ្មែរ ត្រូវតែ​ខ្លាំង និង​រួម​សាមគ្គី​គ្នា ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ជាតិ ឱ្យ​ឋិត​ឋេ​រ​ចីរកាល​តទៅ​មុខ សម្រាប់​អ្នកជំនាន់ក្រោយៗ​ទៀត​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែល​បាន​ចូលរួម​ថែរក្សា សុខសន្តិភាព និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ជាតិ ទៅមុខទៀត តាមរយៈ​ការរួម​គ្នា​ដើរទៅ​មុខ លើ​វិថី​ដ៏​ត្រឹមត្រូវ​, ការរស់នៅ​ជាមួយគ្នា ប្រកបដោយ​ភាពសុខដុមរមនា ដោយ​មិនមាន ការបែកបាក់​ផ្ទៃក្នុង​ជាតិ​, ការចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក និង​ការខិតខំ​កសាង​អភិវឌ្ឍន៍ ខ្លួនឯង និង​គ្រួសារ ឱ្យបាន​រីកចម្រើន​រុងរឿង​។​

​លោក​បាន​លើកឡើងថាៈ ការកើតឡើង​នូវ សមិទ្ធផល​ជាច្រើន ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង​ឱកាស​បាន​ជួបជុំ​ធ្វើបុណ្យ សម្ពោធ​ឆ្លង​ជា​បន្តបន្ទាប់ ដូច​ពេល​បច្ចុប្បន្នេះ គឺ​ពិតជា​បាន បង្ហាញឱ្យឃើញ​នូវ អត្ថន័យ​ច្រើនយ៉ាង​៖ ទី​១. ភាពជោគជ័យ គួរ​ជាទី​មោទនៈ នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ទាំង​លើ​ការងារ​បង្ការ​ទប់ស្កាត់​, ការព្យាបាល និង​ការចាក់​វ៉ាក់សាំង​, ទី​២. ការកើនឡើង​លទ្ធភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ ក្នុង​បរិបទ ដែល​កម្ពុជា​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិ​ផ្សេងៗ ដោយ​រក្សាបាន​នូវ​ភាព​ធន​រឹងមាំ​, ទី​៣. ការរីកចម្រើន​នៃ វិស័យ​ព្រះពុទ្ធសាសនា នៅក្នុង​សង្គម​ខ្មែរ តាមរយៈ​ជំនឿ​សទ្ធា​ជ្រះថ្លា​ដ៏​មុតមាំ របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការបង្ក​លក្ខណៈ របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៧៩ មក​, និង​ទី​៤. បច្ច័យ​នៃ​សុខសន្តិភាព សន្តិសុខ សុវត្ថិភាព​សាធារណៈ ដែល​អំណោយផល ដល់​ការជួបជុំ​ញាតិមិត្ត ដើម្បី​ធ្វើបុណ្យ​ធ្វើ​ទាន សម្អាតចិត្ត​ឱ្យ​បរិសុទ្ធ គ្មាន​ទុក្ខ​កង្វល់ និង​ចូលរួម​កសាង​សមិទ្ធផល បាន​ច្រើន​៕/V​