ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា កាលពី​ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា​។

​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា​នេះ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​លេខាធិការដ្ឋាន​ដឹកនាំ​និង​សម្របសម្រួល​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) នៃ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា សរុប​ចំនួន​ប្រមាណ ១០០​រូប​។

​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ពិនិត្យ​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ដែល​គណៈកម្មាធិការ ប្រតិបត្តិ​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​កែសម្រួល និង​រៀបចំ​ជា​ខេមរភាសា​តាម​ការចង្អុលបង្ហាញរ​បស់​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ មុននឹង​ដាក់​ឆ្លង​កិច្ចប្រជុំ សាជាថ្មី​នាពេល​ឆាប់ៗ​ខាងមុខ​៕​