​ដោយៈ ជា សីហៈ​/​ភ្នំពេញ​: លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២២ បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ ហ៊ី​ដេ​តូ​ស៊ី នី​ស៊ី​មូរ៉ា ( HIDETOSHI NISHIMURA) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​និង​អាស៊ី​បូព៌ា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ ។

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោក​សាស្ត្រាចារ្យ និង​សហការី ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា និង​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ក្រសួងពាណិជ្ជកម្ម និង​វិទ្យាស្ថាន ជាពិសេស​ការគាំទ្រ​ឥតឈប់ឈរ​របស់​វិទ្យាស្ថាន ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ តាមរយៈ​ការរៀបចំ​សិក្ខាសាលា និង​ការបណ្តុះបណ្តាល​ផ្សេងៗ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​បណ្តាលមកពី​ជំងឺ​រាតត្បាត COVID-19 ក៏ដោយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​គណៈប្រតិភូ​វិទ្យាស្ថាន នេះ អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សមិទ្ធផល​សេដ្ឋកិច្ច​ជា​អាទិភាព​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន ដែល​បានផ្តល់​ការសហការ​គាំទ្រ កន្លងមក ជាពិសេស​ការរៀបចំ​សៀវភៅ​ស្តីពី “​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​)៖ ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ការរីកចម្រើន​នាពេល​អនាគត​នៃ​អាស៊ី​បូព៌ា​និង​អាស៊ាន​” ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ពាណិជ្ជកម្ម (TTRI ) នៃ​ក្រសួងពាណិជ្ជកម្ម​។​

​លោក រដ្ឋមន្ត្រី បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​វិទ្យាស្ថាន នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​របស់ខ្លួន​ក្នុង​ការជួយ​ដល់​រដ្ឋ​សមាជិក​អាស៊ាន ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដូចជា​ប្រទេស​កម្ពុជា ដើម្បី​ធានាឱ្យមាន​ការចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

​ជាការ​ឆ្លើយតប លោក​សាស្ត្រាចារ្យ ហ៊ី​ដេ​តូ​ស៊ី នី​ស៊ី​មូរ៉ា បាន​ជម្រាប​លោក​រដ្ឋមន្ត្រី អំពី​ប្រវត្តិ​នៃ​ការបង្កើត​វិទ្យាស្ថាន និង​ការចូលរួមចំណែក​រប​ស់​វិទ្យាស្ថាន​ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ ក៏ដូចជា​ឆ្នាំ​២០២២ នេះ​។ ក្នុងនោះ​វិទ្យាស្ថាន បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ចំនួន ១៧ ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​គាំទ្រ​ដល់​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​សម្រាប់​ឆ្នាំ​២០២២ ដូចជា​ការសិក្សា​ស្តីពី​ផែនការ​អភិវឌ្ឍ​អាស៊ី​គ្រប់​ជ្រុងជ្រោយ ៣.០ ដែល​ផ្តោត​សំខាន់​លើ​សមាហរណកម្ម​សេដ្ឋកិច្ច នវានុវត្តន៍ បរិ​យា​ប័ន្ន និង​ចីរភាព​ក្នុង​តំបន់​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​សាស្ត្រាចារ្យ ក៏បាន​ស្នើ​សុំឱ្យ​មានការ​គាំទ្រ​ពី លោក​រដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​ទាំងអស់​របស់​វិទ្យាស្ថាន​ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​