ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ស្ត្រីមានផ្ទៃពោះ ចំនួន ៤៥ នាក់ មកពីភូមិនានា ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែកក្កដា បានទទួលអប់រំការផ្សព្វផ្សាយ ពីលោកស្រី សុខ លាភា មន្ត្រីសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ ស្ដីពីអត្ថប្រយោជន៍ នៃការយល់ដឹង អំពីសុខភាពបន្តពូជ និងបង្ការ ការពារមាតា ទារក ពេលមានផ្ទៃពោះ និងពេលសំរាលកូន និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតា កំពុងបំបៅកូន ដោយទឹកដោះម្ដាយ។
លោកស្រី សុខ លាភា បានលើកមកបញ្ជាក់បន្ថែម ពីសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដោយក្នុងសារលិខិត បានបញ្ជាក់ច្បាស់ថា យើងត្រូវការចាំបាច់ ជាទីបំផុត ការរួមកម្លាំងគ្នា និងការធ្វើតាមគ្រប់លទ្ធភាព ដើម្បីពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូន ដោយទឹកដោះម្ដាយ ឲ្យបានល្អប្រសើរឡើងវិញ ឱ្យបានសមស្រប ជាមួយនឹងប្រធានបទនៃ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ យើងត្រូវតែលើកទឹកចិត្តស្ត្រីទាំងនោះ ឲ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាលនិងបន្ទាប់ពីសម្រាលកូនហើយ ត្រូវបន្តថែទាំ សុខភាព ទាំងម្ដាយ ទាំងកូន រហូតដល់កូន មានអាយុពីរឆ្នាំ។
ដោយពេលវេលា និងបច្ចុប្បន្ននេះ ជាពេលនៃរដូវវស្សា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្ដាលឱ្យមានមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់មនុស្សយើង ។
កញ្ញា សិទ្ធិស៊ីណាត មន្ត្រីសាខាកាកបាទក្រហមខេត្ត ក៏បានឡើងធ្វើបទបង្ហាញ ស្ដីពីបញ្ហា ប្រឈមនឹងជំងឺគ្រុនឈាម ដូចនេះ រួមគ្នាកំចាត់ប្រភពមូសខ្លា ពិសេសសម្អាតបរិស្ថាន ជុំវិញផ្ទះយើងជាប្រចាំ ៕/V