ដោយ: ពៅនិមល/ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឲ្យអនុវត្តកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP) និងឯកសារគតិយុត្តផ្សេងៗទៀត តាមរយៈគម្រោងការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន។
សិក្ខាសាលានេះ មានរយៈពេលមួយថ្ងៃពេញ ដោយមានអ្នកចូលរួមដោយផ្ទាល់ ១២០នាក់ មកពីគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) តំណាងអង្គការជាតិ និងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន តំណាងវិស័យសារព័ត៌មាន មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអ្នកចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០០នាក់។
កម្មវិធីនេះដែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយរៀបចំធ្វើឡើងសម្រាប់ជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ និងឯកជន អំពីបទប្បញ្ញត្តិនិងគោលការណ៍ណែនាំថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមឱ្យច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលបានអនុម័តនៅចុងឆ្នាំ២០១៩។
នៅក្នុងពិធីបើកសិក្ខាសាលា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់(គ.ជ.ក.ប) បានមានប្រសាសន៍ថា ក្នុងបរិបទនេះ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ច្បាប់និងឯកសារគតិយុត្តិជាច្រើនទៀត ត្រូវបានរៀបចំនិងអនុម័តឡើងដើម្បីធ្វើសុខដុមនីយកម្ម ក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសុក្រិត្យភាពសម្រាប់ជំរុញទីផ្សារឱ្យមានសុច្ចរិតភាព តម្លាភាព និងទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាច អ្នកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដដោយបរិយាប័ន្ន និងបង្កើនទំនុកទុកចិត្តដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ លោកបានបន្តថា ឯកសារចំនួន៤ ដូចជា៖ កម្មវិធីជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, គោលការណ៍ណែនាំ ស្តីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត, ប្រកាស ស្តីពីខសន្យាមិនសុចរិត និងប្រកាស ស្តីពីកំឡុងពេលដកខ្លួនពីកិច្ចសន្យា ត្រូវបានដាក់ឆ្លងក្នុងអង្គប្រជុំគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នាថ្ងៃទី៩ ខែមិថុនាកន្លងទៅ ដែលមានការពិនិត្យ ពិភាក្សា និងអនុម័តសម្រេចក្លាយជាឯកសារគតិយុត្ត រួចស្រេចបាច់ហើយ។
លោកបានលើកឡើងបន្តថា ក្រៅពីឯកសារគតិយុត្តទាំងនេះ ក្រសួងក៏នៅមានបទប្បញ្ញត្តិសំខាន់ៗមួយចំនួនផ្សេងទៀតដូចជា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានអនុម័តនៅឆ្នាំ២០១៩ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាដើម ដែលសុទ្ធសឹងតែមានកម្មវត្ថុការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ហើយត្រូវបានព្រះមហាក្សត្រនៃ កម្ពុជា ឡាយព្រះហត្ថលេខាដាក់ឱ្យប្រើនាពេលថ្មីៗកន្លងទៅ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះធុរជនទាំងឡាយដែលបានគិតគូរដល់សិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ និងអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទបញត្តិជាធរមាន ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ក្នុងការកសាងសង្គមឱ្យមានសុខដមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តភាព។
លោក ហ្រា្វង យ៉ាត់គែរ ប្រធានក្រុមគម្រោងកិច្ចការអាស៊ានរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ GIZ ប្រចាំកម្ពុជា បានបញ្ជាក់ថា រយៈប៉ុន្មានចុងក្រោយនេះ ដៃគូអភិវឌ្ឍន៍ពីភាគីប្រទេសអាល្លឺម៉ង់ បានការគាំទ្រនូវជំនួយបច្ចេកទេសលើកិច្ចការពារអ្នកប្រើប្រាស់ នៅក្រោមក្របខ័ណ្ឌអាស៊ាន និងការរៀបចំ ជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបន្តថា ឯកសាររដ្ឋាភិបាលទាំងអស់ដែលបានរៀបចំឡើងនេះ គឺជារឿងល្អមួយដែលចូលទៅក្នុងលក្ខខណ្ឌអន្តរជាតិ ហើយយើងសង្ឃឹមថាប្រកាសថ្មីនេះ អាចសមស្របទៅនឹងគោលការណ៍ណែនាំអាស៊ានដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាន ក.ប.ប ចេញផ្សាយនៅថ្ងៃសិក្ខាសាលានេះ បានបញ្ជាក់ថា កម្មវិធីជាតិការពារអ្នកប្រើប្រាស់ គឺជាក្របខ័ណ្ឌចម្បងដើម្បីអភិវឌ្ឍសកម្មភាពការពារអ្នកប្រើប្រាស់ដែលមានភាពស៊ីសង្វាក់គ្នា ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកសារជាតិមួយនេះ បង្ហាញអំពីវិធានការយុទ្ធសាស្ត្រទាក់ទងនឹងប្រតិបត្តិការធុរកិច្ចល្អ ការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ ក៏ដូចជាការសម្របសម្រួលគោលនយោបាយផងដែរ។ កម្មវិធីជាតិការពារអ្នកប្រើប្រាស់ នឹងត្រូវប្រើប្រាស់ជាកម្លាំងជំរុញការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ ក៏ដូចជាប្រមែប្រមូលធនធានពីស្ថាប័នមានសមត្ថកិច្ច និយ័តករមានសមត្ថកិច្ច ដើម្បីបង្កើននូវជំនឿចិត្តរបស់អ្នកប្រើប្រាស់ចំពោះប្រតិបត្តិការទីផ្សារ។
អគ្គនាយកដ្ឋាន ក.ប.ប បានបន្ថែមថា ទោះបីជាកម្ពុជា ជាប្រទេសចុងក្រោយគេក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានអនុម័តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កម្ពុជាអាចរៀនសូត្រ និងសម្របជាមួយនឹង បទពិសោធន៍អន្តរជាតិ ទន្ទឹមនឹងផ្ដោតលើការសហការគ្នាក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀត ដូចជា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកៈ ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាព ចំណីអាហារ។ ក.ប.ប បន្តថា យើងបន្តខិតខំដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងសមត្ថភាពរបស់យើងសម្រាប់ការ ការពារអ្នកប្រើប្រាស់។ កម្មវិធីជាតិការពារអ្នកប្រើប្រាស់ ជួយយើងក្នុងការចូលរួមជាកម្លាំងដើម្បីបង្កើត ទីផ្សារប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាពនៅកម្ពុជា ដែលអ្នកប្រើប្រាស់ត្រូវបាន ផ្តល់សិទ្ធិអំណាច ហើយសិទ្ធិរបស់ពួកគាត់ត្រូវបានគោរព៕