​ដោយៈ​បាយ័ន / សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ កំពុង​បង្ហើយ​ការងារ នៅ​ការដ្ឋាន​ជួសជុល ច្រាំង​ក​សិន្ធុ អង្គរវត្ត​ខាងលិច ប៉ែក​ខាងត្បូង នៃ​ស្ពាន​ហាល ជំហាន​ទី​២ ដែល​នឹង​បញ្ចប់ នាពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​ការបញ្ជាក់ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល​ថ្ងៃនេះ​។​

​លោក សន ចាន់ថន បុរាណ​វិទូ បានឱ្យដឹងថាៈ គម្រោង​ជួសជុល ជំហាន​ទី​២ នេះ សម្រេចបាន​ជាង ៩០ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់ នៅក្នុង​សប្ដាហ៍​នេះ​។ លោក​បាន​បន្តថាៈ ជំហាន​ទី​២ នេះ មាន​ប្រវែង​សរុប ៦០ ម៉ែត្រ ខណៈ​ជំហាន​ទី​១ មាន​ប្រវែង ៨០ ម៉ែត្រ ដែល​សរុប ១៤០ ម៉ែត្រ​។​

​តាម​ការបញ្ជាក់​ពី​លោក សន ចាន់ថន បានឱ្យដឹងថា ការជួសជុល​ជំហាន​ទី​២ នេះ ផ្នែក​ខ្លះ​មានការ​បាក់បែក​ច្រើន ដោយ​ត្រូវ​ជួសជុល និង​ពង្រឹង​ជើង​ច្រាំង​ក​សិន្ធុ កុំឱ្យ​ស្រុត ធ្លាក់​បន្តទៀត​។ ការជួសជុល​នេះ បានចាប់ផ្តើម​ពី​ខែមីនា មក ដោយ​ការដ្ឋាន​មិនបាន​ធ្វើ ទំនប់​ស្ទាក់​ទឹក ដូច​ការជួសជុល ជំហាន​ទី​១ ទេ ដោយសារ​ជើង​ច្រាំង​ក​សិន្ធុ នៅទីនេះ នៅ​ល្អប្រសើរ ហើយ​កន្លែង​ដែល​រលុះ​ខ្លាំង ក្រុមការងារ​ជួសជុល បានដាក់​ដី​ទប់​ជើង​ច្រាំង ដោយមាន​ក្រាល​គ្រឹះ​ថ្ម ពីក្រោម​ផង​។​

​ជាមួយគ្នានេះ លោក សន ចាន់ថន បានលើកឡើង​ថាៈ ក្រោយ​បញ្ចប់​ការងារ​នេះ​រួច ក៏មាន​គម្រោង​សម្រាប់​ជួសជុល​បន្តទៀត​ដែរ តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ និង​ថវិកា សម្រាប់​ការងារ​នេះ​សិន​៕/V​