ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចទទួលផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់។ដោយសារតែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬធ្វើពិធីអ្វីមួយផង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ថ្ងៃនេះពេលវេលាមិនល្អរបស់លោកអ្នកគឺម៉ោង១១,០០-១២,៥៩វិនាទីរសៀល ។ហេតុនេះបើពាក់ព័ន្ធជាមួយរឿងរាវអ្វីមួយមិនត្រូវសង្ឃឹមពេកឡើយពីព្រោះថាការខកបំណងងាយកើតឡើងណាស់។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គនិងមានការភ្លាំងភ្លាត់ច្រើន។អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយមនុស្សភេទផ្ទុយគ្នាឡើយពីព្រោះថាងាយកើតជាបញ្ហាតូចតាចរីកជាធំណាស់។នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតធូរស្បើយ៕
ឆ្នាំថោះ
រាសីស្រុតចុះ។បុរសកើតឆ្នាំទន្សាយនៅថ្ងៃនេះឱ្យលោកអ្នកមានការប្រយ័ត្នប្រយែងរឿងការបើកបរពីព្រោះថាងាយជួបនូវបញ្ហាមិនល្អយាយីជាងសព្វមួយដង ។ការចុះប្រឡូកការងារលោកអ្នកធ្វើអ្វីមិនឱ្យតានតឹងអារម្មណ៍ខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។
អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែងដែរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។
គូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ និង សុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។បើទោះបីធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។ក្នុងថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយចូរកុំគប្បីមានការធ្វេសប្រហែសឱ្យសោះពិសេសកិច្ចការងារថ្មីៗពីព្រោះងាយជះផលអាក្រក់យូរអង្វែងទៅគ្រាខាងមុខ ។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសកើតឆ្នាំស្វាចាប់តាំងតែពីដើមខែ កក្កដា មកដំណើរជីវិតរបស់លោកអ្នកមានទាំងល្អ និងមិនល្អលាយឡំគ្នាធ្វើឱ្យជួបនូវបញ្ហាលំបាកមួយចំនួនត្រូវឆ្លងកាត់នាំឱ្យពុំសុខស្រួលខ្លួនប៉ុន្មានឡើយ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ត្រដែត ហេតុនេះពេលវេលាល្អរបស់លោកអ្នកធ្វើអ្វីមួយគឺម៉ោង ៧,០០-១០,៥៩វិនាទី។ក្នុងថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយ ផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់ពេលនេះបើជាបុរសចូរប្រយ័ត្នបញ្ហាសុខភាពបន្តិច ពីព្រោះថាងាយកើតជាបញ្ហាជាងសព្វមួយដង។ចំពោះកិច្ចការងាររបស់លោកអ្នកនាថ្ងៃនេះវិញឃើញថាមានការលូតលាស់ឈានទៅមុខហើយធ្វើអ្វីៗតែងហុចផលគ្រាន់ដូចសមប្រកប ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នៅមានចំពោះមុខច្រើន។ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ មិនត្រូវបង្កឈ្លោះប្រកែកជាមួយចៅហ្វាយនាយ ឬ ថៅកែឡើយពុំនោះនឹងអាចបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នាពេលនេះសម្រាប់លោកអ្នកកើតឆ្នាំជ្រូកពិសេសស្ត្រីមានការរីកចម្រើនលូតលាស់ច្រើនរឿងមិនថាបញ្ហាប្រាក់កាស និងកិច្ចការងារផ្ទាល់ខ្លួនផង។ការប្រកបការងារថ្ងៃនេះលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារចូរប្រយ័ត្នត្រូវគេចោទប្រកាន់អ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ឈានទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។
រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕