​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​និយាយថា កិច្ចប្រជុំ​លើកដំបូង​ក្នុង​ប៉ុន្មាន​សប្តាហ៍​មក​នេះ​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន “​បោះជំហាន​សំខាន់​” ឆ្ពោះទៅមុខ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​ដើម្បី​ធានា​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ដែល​ត្រូវការ​យ៉ាងខ្លាំង​ចេញ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែន​ដើម្បី​ជួយ​សម្រាលវិបត្តិ​ស្បៀង​​អាហារ​ពិភពលោក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​បាន​និយាយថា កិច្ចព្រមព្រៀង​នឹង​ត្រូវ​ចុះហត្ថលេខា​នៅពេល​ដែល​អ្នកចរចា​ជួប​គ្នា​ម្តង​ទៀត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​សប្តាហ៍​ក្រោយ​។​

​ប្រមុខ​អ​.​ស​.​ប​បាន​ព្រមាន​ថា “​ការងារ​បច្ចេកទេស​បន្ថែម​ទៀត​ឥឡូវ​នេះនឹ​ង​ត្រូវការ​ចាំបាច់​” ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ “​ប៉ុន្តែ​សន្ទុះ​គឺ​ច្បាស់លាស់​…​ខ្ញុំ​មាន​ការជំរុញ​ទឹកចិត្ត​ណាស់​។​ខ្ញុំ​មាន​សុ​ទិដ្ឋិ​​និយម ប៉ុន្តែ​វា​មិនទាន់​រួចរាល់​នៅ​ឡើយ​ទេ​”​។​

​ជាមួយ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ឈាន​ដល់​ខែ​ទី​ប្រាំ​របស់​ខ្លួន​និង​ភាគច្រើន​នៃ​ពិភពលោក​មើលឃើញ​តម្លៃ​ម្ហូបអាហារ​កើនឡើង​ហើយ​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ប្រឈម​នឹង​​ភាពអត់ឃ្លាន​និង​លទ្ធភាព​ដាច់ពោះ ការទទួល​បាន​ការដឹក​ជញ្ជូន​ភោគផល​និង​ជីរ​ចេញពី​ប្រទេស​នាំចេញ​ធំ​ទាំងពីរ​របស់​ពិភពលោក​គឺ​មាន​សារៈសំខាន់​ណាស់​។​

​លោក​គូថេ​រ៉េស​បានស្នើ​កិច្ច​ព្រមព្រៀង​ជា​កញ្ចប់​មួយ​នៅ​ដើមខែ​មិថុនា​ដើម្បី​រំដោះ​ការនាំចេញ​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​និង​ដំណាំ​សំខាន់​ផ្សេង​ទៀត​ពី​សមុទ្រ​ខ្មៅ​និង​លុបចោល​ការ​រឹតបន្តឹង​លើ​ការនាំចេញ​គ្រាប់​​ធញ្ញជាតិ​និង​ជីរ​របស់​រុស្ស៊ី​។ គាត់​មិនបាន​និយាយ​អ្វី​សោះ​អំពី​វឌ្ឍនភាព​រហូត​ដល់​ថ្ងៃ​ពុធ​។​

​ប្រមុខ​អ​.​ស​.​ប​រូបនេះ​បាន​និយាយ​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មន្ត្រី​យោធា​មក​ពី​រុស្ស៊ី អ៊ុ​យក្រែន និង​តួ​ក​គី​បាន​ជួប​ជាមួយ​ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អ​.​ស​.​បលោក ម៉ា​ទីន ហ្គ្រី​ហ្វ​ហ្វ៊ី​ត (Martin Griffiths) ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដើម្បី​ពិភាក្សា​អំពី​បញ្ហា​លំបាក​ចំពោះ​កិច្ចព្រមព្រៀង ជា​ពិសេស​អំពី​វិធី​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ប្រហែល ២២​លាន​តោន​ដែល​ជាប់គាំង​នៅ​ក្នុង​​ប្រទេស​អ៊ុយ​ក្រែន​ដោយសារ​តែ​សង្គ្រាម​។​

​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក ហ៊ូ​លូ​ស៊ី អាកា (Hulusi Akar) បាន​និយាយថា គ្រប់​ភាគី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទាក់ទង​នឹង “​ការគ្រប់គ្រង​រួម​” នៃ​នាវា​ទាំងឡាយ​នៅ​ពេល​ដែល​ពួក​វា​ចាក​​ចេញ​និង​មក​ដល់​កំពង់ផែ​សមុទ្រ​ខ្មៅ​ដើម្បី​ដឹក​គ្រាប់​ធញ្ញជាតិ និង​សុវត្ថិភាព​នៃ​ផ្លូវ​ផ្ទេរ​ទំនិញ​។ លោក​បាន​និយាយថា មជ្ឈមណ្ឌល​សម្របសម្រួល​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ហើយ​នឹង​រួម​បញ្ចូល​មន្ត្រី​អ​.​ស​.​ប តួ​ក​គី រុស្ស៊ី និង​អ៊ុ​យក្រែន​។​

​តួ​ក​គី ដែល​ជា​សមាជិក​របស់​អង្គការ​ណា​តូ បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទាំង​ទីក្រុង​មូ​ស្គូ​និង​អ៊ុ​យក្រែន ហើយ​បាន​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​ពីរ​និង​អ​.​ស​.​ប​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​។ តួ​ក​គី​បាន​សុំ​ផ្តល់​ជូន​ច្រករបៀង​សមុទ្រ​ខ្មៅ​ដែល​មាន​សុវត្ថិភាព​៕

​នៅក្នុង​រូបថត​ផ្តល់​ដោយ​ក្រសួងការពារជាតិ​តួ​ក​គី រុស្ស៊ី (​ឆ្វេង​) និង​អ៊ុ​យក្រែន (​ស្ដាំ​ខាងលើ​) គណៈប្រតិភូ​នានា​ជួប​ជាមួយ​អ្នកសង្កេតការណ៍​អង្គការសហប្រជាជាតិ (​ស្តាំ​)​និង​សមាជិក​ក្រសួង​​ការពារ​ជាតិ​តួ​ក​គី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ ២០២២