​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ភ្លើង​ឆេះ​ព្រៃ​កំពុង​ឆាបឆេះ​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប ដោយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​នៅ​ក្នុងប្រទេស​ព័រ​ទុយ​ហ្គាល់ អេ​ស្ប៉ាញ ក្រូ​អាស៊ី និង​ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា ចំ​ពេល​មាន​រលក​កម្តៅ​មិន​ធម្មតា ដែល​អាជ្ញាធរ​កំពុង​ផ្សារភ្ជាប់​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​។​

​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គាល់ មេបញ្ជាការ​ការពារ​ជន​ស៊ីវិល លោក អង់​ដ្រេ ហ្វើ​ណង់​ដេ​ស (André Fernandes) បាន​និយាយថា អគ្គិភ័យ​ជាច្រើន​បាន​បណ្តាល​ឱ្យមាន​ការជម្លៀស​មនុស្ស​ជាង ៦០០ នាក់​។ លោក​ហ្វើ​ណង់​ដេ​ស​បាន​និយាយថា មនុស្ស​ប្រហែល ១២០ នាក់​ត្រូវការ​ការព្យាបាល ដោយ​មាន​មនុស្ស​ពីរ​នាក់ គឺ ជន​ស៊ីវិល​ម្នាក់ និង អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​។​

​យន្តហោះ​ទម្លាក់​ទឹក​បាន​ជួយ​អ្នក​ពន្លត់​អគ្គិភ័យ ១.៣០០ នាក់​ប្រយុទ្ធប្រឆាំង​នឹង​ភ្លើង​ដ៏​អាក្រក់​បំផុត​នៅក្នុង​តំបន់​ភាគ​កណ្តាល​របស់​ប្រទេស ខណៈ​មនុស្ស​១.០០០​នាក់​ផ្សេង​ទៀត​បាន​ខិតខំ​ដើម្បី​គ្រប់​​គ្រង​ភ្លើង​នៅ​កន្លែង​ផ្សេងទៀត​។​

​រលក​កម្តៅ​នៅ​អឺរ៉ុប​ក៏​កំពុង​បង្ក​ការឆាបឆេះ​នៅអេ​ស្ប៉ាញ​និង​បារាំង ព្រមទាំង​តួ​ក​គី​នៅ​ចុង​ម្ខាង​ទៀត​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ផងដែរ​។​

​យោង​តាម​សេវា​សង្គ្រោះបន្ទាន់​ក្នុង​តំបន់​បានឱ្យដឹងថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៨០០ នាក់​បាន​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ចំនួន​ពីរ​នៅក្នុង​តំបន់​នៅ​ខាងក្រៅ​ទីក្រុង​បូ​ដូ (Bordeaux)​ភាគ​និរតី​នៃ​​ប្រទេស​បារាំង​។ ភ្លើង​បានចាប់ផ្តើម​ឆេះ​កាលពី​ថ្ងៃ​អង្គារ​នៅ​ជិត​ទីប្រជុំជន​ឡង់ឌី​រ៉ាស់ (Landiras)​និង​ឡាថេ​ស​តេដេ​ប៊ូច (La Teste-de-Buch)​ហើយ​អ្នក​ពន្លត់​អគ្គិភ័យ​មិន​អាច​ទប់ស្កាត់​វា​​បាន​ទេ​នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​។​

​មនុស្ស​ប្រហែល ៦.៥០០ នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែង​បោះជំរំ​និង​ភូមិ​នានា​នៅក្នុង​តំបន់​ព្រៃ​នេះ​។ ចំនួន​អ្នក​របួស​គឺ​មិនដឹង​ច្បាស់​ទេ​។ ភ្លើង​ទាំងពីរ​នេះ​បាន​បំផ្លាញ​ព្រៃ​ជាង ១.៨០០ ហិកតា​៕

​ភ្លើងព្រៃ​ឆេះ​កៀក​ផ្ទះមួយ​ក្នុងភូមិ​បេម​ប៉ូស្តា​ក្បែរ​ទីក្រុង​អាន​ស៊ីអាវ ភាគ​កណ្តាល​ប្រទេស​ព័រ​ទុយ​ហ្គាល់​កាលពី​ថ្ងៃ​ពុធ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២​