​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​ថា រដ្ឋាភិបាល​ហុងគ្រី​បាន​ប្រកាស “​ស្ថានភាព​អាសន្ន​ខាង​ថាមពល​”​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរំខាន​នៃ​ការ​​ផ្គត់ផ្គង់​និង​ការកើនឡើង​ថ្លៃ​ថាមពល​នៅ​អឺរ៉ុប​។​

​លោក ជើ​ហ្គេ​លី ហ្គូល​យ៉ាស (Gergely Gulyás) នាយសេនាធិការ​របស់​នាយករដ្ឋមន្ត្រី វី​កទ័រ អឺ​បាន (Viktor Orbán)​បាន​និយាយថា​”​វា​ទំនងជា​មិន​មាន​ហ្គាស​គ្រប់គ្រាន់​នៅ​ក្នុង​ទ្វីបអឺរ៉ុប​​សម្រាប់​ការ​កម្តៅ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​ទេ​”​។​

​លោក​ហ្គូ​លី​យ៉ា​ស​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៊ុយ​ដា​ប៉ែស​ថា ប្រទេស​ហុងគ្រី​នឹង​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ក្នុងស្រុក​របស់​ខ្លួន ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​គ្រប់គ្រាន់​។​លោក​​បានលើកឡើង​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​និង​ការដាក់ទណ្ឌ​កម្មពីសហភាព​អឺរ៉ុប​ជា​មូលហេតុ​នៃ​អ្វីដែល​លោក​ហៅថា “​វិបត្តិ​ថាមពល​” នៅ​ទ្វីប​នេះ​។​

​លោក​ហ្គូ​លី​យ៉ា​ស​បាន​និយាយថា “​សង្គ្រាម​អូសបន្លាយ​ពេល​យូរ​និង​ការដាក់ទណ្ឌកម្ម​ពី​ទីក្រុង​ព្រុច​សែ​ល បាន​បណ្តាល​ឱ្យ​ថ្លៃ​ថាមពល​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ហើយ​ពិត​ណាស់​ផ្នែក​សំខាន់​នៃ​​ទ្វីប​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ថាមពល​រួចទៅហើយ​”​។​

​លោក​ហ្គូ​លី​យ៉ា​ស​បាន​និយាយថា ប្រទេស​អឺរ៉ុប​កណ្តាល​មួយ​នេះ​នឹង​ជំរុញ​ការផលិត​ឧស្ម័ន​ធម្មជាតិ​ប្រចាំឆ្នាំ​របស់​ខ្លួន​ពី ១,៥ ពាន់​លាន​ម៉ែត្រគូប​រហូតដល់ ២ ពាន់​លាន​ម៉ែត្រគូប បង្កើន​ការទាញយក​សារធាតុ Lignite (​ធ្យូងថ្ម​ពណ៌​ត្នោត​) និង​ដាក់​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ឱ្យ​ដំណើរការ​ឡើងវិញ​។​

​លោក​បាន​បន្ថែមថា ការនាំ​ចេញ​ថាមពល​នឹង​ត្រូវ​ហាមឃាត់ ហើយ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​តែមួយគត់​របស់​ហុងគ្រី​ក៏​នឹង​បង្កើន​ការផលិ​ត​របស់ខ្លួន​ផងដែរ​ដោយ​ពង្រីក​ពេលវេលា​ប្រតិបត្តិការ​​របស់ខ្លួន​។ វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​៕

​លោក ជើ​ហ្គេ​លី ហ្គូល​យ៉ាស នាយសេនាធិការ​របស់​នាយករដ្ឋមន្ត្រី វី​កទ័រ អឺ​បាន​