ប្រែសម្រួលៈបំណង(ST,BLOOMBERG, NYTIMES)៖ស្រីលង្កាកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារតែទទួលបានព័ត៌មានចារកម្មមកថា មានការប៉ុនប៉ងចូលកាន់កាប់ការិយាល័យនាយករដ្ឋមន្ត្រីនិងផ្ទះរបស់មេទ័ពអាកាស នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីនិងជាប្រធានាធិបតីស្តីទីលោក រ៉ានីល វិកក្រេមេស៊ីងនៅលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធទី១៣កក្កដា។
បន្ទាប់ពីអ្នកប្រឆាំងតវ៉ាចូលកាន់កាប់ការិយាល័យរបស់លោក នាយករដ្ឋមន្ត្រី វិកក្រេមេស៊ីង បាននិយាយថាលោកបានបង្កើតគណៈកម្មការមួយរួមមានប៉ូលីសនិងមេទាហានដើម្បីបន្ថយភាពតានតឹង។លោកមិនបានបញ្ជាក់ថាតើស្ថានភាពគ្រាអាសន្ននៅនឹងបន្តដល់ពេលណាទេ។
លោកបានបញ្ជាក់អះអាងថា សភានឹងជ្រើសរើសប្រធានាធិបតីម្នាក់នៅថ្ងៃ២០កក្កដា និងថា«យើងមិនអាចហែករដ្ឋធម្មនុញ្ញបានទេ។សមាសភាពខ្លះក្រោមជំនួយពីអ្នកនយោបាយ កំពុងព្យាយាមសំរេចគោលបំណងរបស់គេតាមរយៈពន្យុះអោយមានភាពវឹកវរ»តែលោកមិនបានបញ្ជាក់ថាជានរណាទេ។
ពួកអ្នកប្រឆាំងតវ៉ាឥឡូវចង់អោយលោកវិកក្រេមេស៊ីងលាឈប់ផងដែរ បន្ទាប់ពីប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សាភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃពុធ។ពួកគេបានសំរុកចូលការិយាល័យរបស់លោកវិកក្រេមេស៊ីងកាលពីថ្ងៃពុធ នៅប៉ុន្មានម៉ោងក្រោយលោកត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។
អ្នកប្រឆាំងតវ៉ា មានទាំងប្រុសទាំងស្រីបានបានទម្លុះរបាំងយោធានិងបានចូលក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រី នៅពេលប៉ូលិសនិងទាហានឈរនៅក្បែរៗនោះតែមិនបានចាត់វិធានការទប់ស្កាត់ខ្លាំងក្លាទេ ក្រោយប៉ូលិសបាញ់គ្រាប់បែកផ្សែងនិងបាញ់ទឹកតែមិនអាចរារាំងចលនាមនុស្សបាន។
អេស សាស៊ីដារ៉ាន(S. Shashidharan)អ្នកប្រឆាំងតវ៉ាម្នាក់បាននិយាយនៅក្រៅការិយាល័យនាយករដ្ឋមន្ត្រីថា «យើងចង់អោយលោករ៉ានីលចុះចេញផងដែរ។ចាប់ខ្លួនអ្នកដែលបានជួយអោយប្រធានាធិបតីហ្គោតាចេញពីប្រទេស យើងចង់បានលុយដែលគេលួចពីជាតិមកវិញ»។
ប្រធានសភាបានប្រកាសថា លោក រ៉ានីល វិកក្រេមេស៊ីងត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីនៅពេលលោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា នៅក្រៅប្រទេស តែពួកអ្នកប្រឆាំងតវ៉ារាប់ពាន់នាក់កំពុងចង់អោយលោកនាយករដ្ឋមន្ត្រីលាឈប់ពីតំណែងផងដែរ។
ស្ថានភាពប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាសឡើងកាលពីថ្ងៃពុធក្រោយប្រធានាធិបតីភៀសខ្លួនចេញទៅបរទេស នៅពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅតែបន្ត។ប៉ូលិសបាននិយាយថាខ្លួនក៏អនុវត្តបំរាមគោចរនៅខេត្តខាងលិច ដែលរួមមានទីក្រុងកូឡុំបូ ដើម្បីរារាំងកុំអោយការតវ៉ាប្រឆាំថរីករាលដាល។
ស្ថានីយទូរទស្សន៍រដ្ឋមួយមិនបានចាក់ផ្សាយទេកាលពីថ្ងៃពុធបន្ទាប់ពីអ្នកប្រឆាំងតវ៉ាចូលកាន់កាប់។
សូមរំលឹកថា មនុស្សរាប់ម៉ឺននាក់បានសំរុកចូកនិវាសដ្ឋាន(លំនៅដ្ឋានផ្លូវការ)របស់លោករ៉ាចាប៉ាក់សា កាលពីថ្ងៃសៅរ៍ ដោយបង្ខំអោយលោកភៀសខ្លួនទៅកាន់បន្ទាយទាហានមួយនិងក្រោយមកភៀសខ្លួនចេញទៅកោះម៉ាល់ឌីវ ទាំងប្រថុចញ៉ុច ក្រោយការប៉ុនប៉ងទៅកាន់ក្រុងឌូបៃនិងឥណ្ឌាបានបរាជ័យ។
ការតវ៉ាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់របស់ប្រទេសបានកើតមានហូរហែរអស់រាប់ខែមុនផ្ទុះឡើងខ្លាំងកាលពីចុងសប្តាហ៍មុននៅពេលមនុស្សរាប់សែននាក់បានសំរុកចូលកាន់កាប់អាគាររដ្ឋសំខាន់ៗក្នុងទីក្រុងកូឡុំបូ ដោយបន្ទោសលោករ៉ាចាប៉ាក់សា និងសម្ពន្ធមិត្តចំពោះអតិផរណាលឿនដូចរត់ អំពើពុករលួយនិងការខ្វះខាតប្រេងឥន្ធនៈ ស្បៀងនិងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរសំរាប់ប្រជាជន២២លាននាក់របស់ប្រទេសនេះ៕
មនុស្សរាប់រយនាក់ចូលក្នុងបរិវេណនិងអាគារនិវាសដ្ឋានផ្លូវការរបស់ប្រធានាធិបតីរត់ចេញពីប្រទេសតាំងពីថ្ងៃ១២កក្កដាមកនិង
កាលពីថ្ងៃ១៣កក្កដាបានចូលកាន់កាប់ការិយាល័យនាយករដ្ឋមន្រ្តីដើម្បីបង្ខំអោយលោកលាឈប់